រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញវិធានការ ការពារសុខមាលភាពប្រជាពលរដ្ឋខ្មែរពីផលប៉ះពាល់នៃសំរាមប្លាស្ទិក និងទប់ស្កាត់ការបង្ហូរទឹកកខ្វក់


ការថ្លែងនៅក្នុងពិធីចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដាក់ចេញវិធានការ ការពារសុខមាលភាពប្រជាពលរដ្ឋខ្មែរពីផលប៉ះពាល់នៃសំរាមប្លាស្ទិក និងទប់ស្កាត់ការបង្ហូរទឹកកខ្វក់។

ការដាក់ចេញវិធានការយ៉ាងម៉ឹងម៉ាត់ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត យ៉ាងដូច្នេះ គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋខ្មែរ ពីផលប៉ះពាល់ជាអវិជ្ជមាននៃសំរាមប្លាស្ទិក និងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងប្រភពទឹក ដែលប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីធំជាងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ ត្រូវតែការពារសុខភាពប្រជាពលរដ្ឋឱ្យខាងតែបាន និងត្រូវបង្ការមិនឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយសារសារធារតុពុលដែលបង្ករពីសំណល់ប្លាស្ទិក និងទឹកកខ្វក់ឡើយ ហេតុនេះទើបបានជាក្រសួងបរិស្ថានខិតខំជំរុញឱ្យមានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ហើយតាមរយៈការផ្សព្វផ្សាយ និងជំរុញនេះ គឺមានការចូលរួមពីក្រុមហ៊ុន និងរោងចក្រជាង ១០ហើយដែលបានចូលរួមបំពាក់ឧបករណ៍ទាំងនេះ។

ទន្ទឹមគ្នានេះដែរ ក្រសួងបរិស្ថាន បានខិតខំ និងកៀរគរកម្មវិធីអភិវឌ្ឍន៍នានារបស់អង្គការដៃគូជាតិ អន្តរជាតិ ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា រួមគ្នាលុបបំបាត់ប្រភពបង្ហូរសំរាមប្លាស្ទិកទៅក្នុងបឹង ទន្លេ ដែលជាប្រភពទឹកដ៏សំខាន់របស់យើងទាំងអស់គ្នា។ លើសពីនេះកម្ពុជាក៏ធ្លាប់បានទទួលជោគជ័យរួចមកហើយនៅក្នុងជំហានទី១របស់ខ្លួនក្នុងការកាត់បន្ថយថង់ប្លាស្ទិកប្រមាណជាង ៤០លានថង់ក្នុង១ថ្ងៃដោយមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ និងកម្មការនីសរុបចំនួន ៩ ៥៣៨ ៧៣៧ អង្គ/នាក់។

ឈរលើកត្តាជោគជ័យនៃភាពស្អាតលើដែនទឹក ដែនគោក និងដែនអាកាសនេះ កម្ពុជាបានបន្តនូវបេសកកម្មរបស់ខ្លួនឈានឆ្ពោះទៅសម្រេចបានការពង្រីកគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ដែលគោលដៅរួមរបស់ព្រះរាជាណាចក្រកម្ពុជាតាមរយៈវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិចំនួន ៤ចំណុច ដែលនេះ គឺជាភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ៕