ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ប្រចាំខែកញ្ញា ឆ្នាំ២០២៤


នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងពិភាក្សាលើការងារចាំបាច់មួយចំនួនដែលក្រសួងបានដាក់ចេញជាទិសដៅអនុវត្តបន្តនាពេលខាងមុខ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធច្រើនរូប។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមានការប្រកាសសមាសភាពថ្នាក់ដឹកនាំ ដែលទើបតែងតាំងថ្មី បទបង្ហាញពីការអភិវឌ្ឍវិស័យផ្លូវទឹកនៅប្រទេសកម្ពុជា និងការងារពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំដែលទើបតែងតាំងថ្មីឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានគិតគូរដល់ការពង្រឹងសមត្ថភាពរបស់មន្រ្តី តាមរយៈការបណ្តុះបណ្តាលជាប្រចាំលើជំនាញបច្ចេកទេសពាក់ព័ន្ធក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានគាំទ្រដល់គម្រោងអាទិភាពតាមវិស័យ ដែលអង្គភាពជំនាញបានលើកឡើង។

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានជំរុញដល់គ្រប់អង្គភាពក្រោមឱវាទឱ្យអនុវត្តការងារចំពោះមុខមួយចំនួន ដូចជា បង្កើនការផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងឱ្យបានទូលំទូលាយ និងជាប្រចាំដល់ប្រជាពលរដ្ឋ និងត្រូវចូលរួមទប់ស្កាត់ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយបំពុលសង្គម និងផ្តោតយកចិត្តទុកដាក់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពន្លឿនការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងណែនាំដល់គ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវយកចិត្តតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការស្ថាបនា ជួសជុល និងថែទាំផ្លូវថ្នល់ជាប្រចាំ។

ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្រគល់កៅស៊ូត្រជាក់ ចំនួន៨០បាវ ជូនចំពោះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីខេត្តនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងរដូវស្សានេះ និងស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តរួបរួមខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅការងាររួមរបស់ក្រសួង និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕