កង់ចំនួន ១០០០គ្រឿងត្រូវបានចែកកង់ជូនដល់ ចុងភៅចំអិនអាហារនៅតាមសាលាបឋមសិក្សា និងសិស្សានុសិស្ស


នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ លោក ទៀ សីហា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកកង់ជូនដល់ ចុងភៅចំអិនអាហារនៅតាមសាលាបឋមសិក្សា និងសិស្សានុសិស្ស ចំនួន ១០០០គ្រឿង។

ក្នុងពិធីនេះក៏មានការចូលរួមពី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ប្រធានប្រចាំតំបន់ខាងលិច នៃអង្គការស្បៀងអាហារពិភពលោក ប្រធាន Rotary Club Sentosa នាយកប្រតិបត្តិ នៃវិទ្យាស្ថានគ្រប់គ្រងអាស៊ីខាងកើត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុក ទាំង១០ ក្នុងខេត្តសៀមរាប ក្រុមចុងភៅចំអិនអាហារ និងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងឱកាសនោះផងដែរ លោក ទៀ សីហា អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍន៍ និងស្វែងរកអង្គការ ដៃគូរសហការ ដើម្បីគៀងគររកមូលនិធិ ឬការឧបត្ថម្ភនានា មកទ្រទ្រង់វិស័យអប់រំ ក្នុងខេត្តសៀមរាប យ៉ាងផុសផុល ជាពិសេសនៅថ្ងៃនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហការជាមួយក្រុមហ៊ុនឡូតារីក្លឹបសាំងកាពួរ និងអង្គការ ស្បៀងអាហារពិភពលោក បានរៀបចំពិធីចែកកង់ជូនដល់ ចុងភៅចំអិនអាហារនៅតាមសាលាបឋមសិក្សា និងសិស្សក្រីក្រ ក្នុងខេត្តសៀមរាប ចំនួន ១,០០០កង់ ដែលមកពីតាមបណ្តាស្រុកគោលដៅ ទាំង ១០ស្រុក ក្នុងខេត្តសៀមរាប៕