ឆ្នាំសិក្សា២០១៦-២០១៧ វិស័យអប់រំ យុវជន និងកីឡាខេត្តរតនគិរី សម្រេចបានអត្រាសិស្សចូលរៀននៅបឋមសិក្សា ៩៥,៦%


នាព្រឹកថ្ងៃច័ន្ទ ១៣ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មន្ទីរអប់រំ​ យុវជន​ និងកីឡាខេត្ត​ បានបើកសន្និបាទបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅឆ្នាំសិក្សា ២០១៧-២០១៨ ដែលសន្និបាទនេះធ្វើឡើងក្រោមអធិបតីភាព​លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី ។

យោងតាមរបាយការណ៍របស់លោក ខាត់ សាម៉ាល់ ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ឆ្នាំសិក្សា២០១៦-២០១៧កន្លងមក តាមរយៈនៃការខិតខំប្រឹងប្រែងរបស់ស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡានៅក្នុងខេត្តរតនគិរី សម្រេចបានអត្រាសិស្សចូលរៀននៅបឋមសិក្សា ៩៥,៦% ដែលចំនួននេះ មានកម្រិតប្រហាក់ប្រហែលទៅនឹងបណ្តារាជធានី-ខេត្តផ្សេងៗទៀត ។ តាមរយៈនៃយុទ្ធនាការប្រមូលកុមារគ្រប់វ័យសិក្សាចូលរៀន ការសង់អគារ ការផ្តល់ និងពង្រាយគ្រូបង្រៀន ការរៀបចំកម្មវិធីពហុភាសា ការផ្តល់ថវិកាដំណើការសាលារៀន ការផ្តល់អាហាររូបករណ៍ដល់សិស្សក្រីក្រ និងសិស្សជនជាតិដើមភាគតិចជាដើម បានបង្ករលក្ខណៈឲ្យកុមារទទួលបានសេវាអប់រំកាន់តែច្រើនឡើង ។ បច្ចុប្បន្ននៅទូទាំងខេត្តមានសិស្សានុសិស្សសរុប ៥៧,១០៤ នាក់ បុគ្គលិកអប់រំទូទាំងខេត្ត មានចំនួន ១,៤១២ នាក់ ។

លោក​ លន់ សុភាព អភិបាលរងខេត្ត មានប្រសាសន៍ថា សង្គមជាតិអាចរីកចម្រើនអភិវឌ្ឍន៍បាន ត្រូវពឹងផ្អែកលើការងារអប់រំ ពិសេសការកសាងធនធានមនុស្ស ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់អំពីស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ ដោយបើកទូលាយនូវចរន្តទីផ្សារសេរី និងការតម្លើងប្រាក់បៀវត្សជូនកម្មករ មន្ត្រីរាជការជាបន្តបន្ទាប់ ។ យ៉ាងណាមិញចំពោះបុគ្គលិកសិក្សាអប់រំឃើញថា បៀវត្តអប្បបរមា ១លាន ១ម៉ឺនរៀល និងបន្តតម្លើងនាខែមេសាខាងមុខទៀត ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃជូនគ្រូបង្រៀន អតីតគ្រូបង្រៀន និងមន្ត្រីរាជការសាធារណៈទាំងអស់នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងប៉ុស្តិ៍សុខភាពរបស់រដ្ឋ ។
នាឱកាសនេះដែរ អង្គសន្និបាទដែលមានរយៈពេល០២ថ្ងៃ នឹងធ្វើការពិភាក្សានូវបញ្ហាចំនួន ១១ ចំណុច ដើម្បីឲ្យវិស័យអប់រំនៅក្នុងខេត្ត កាន់តែទទួលបានប្រសិទ្ធភាព និងគុណភាពបន្ថែមទៀត ។