ឯកឧត្តម ផៃ ស៊ីផាន បានព្រមានដល់ សមាជិកសភាអាមេរិកមួយក្រុមតូចឱ្យបញ្ឈប់សកម្មភាពប្រឆាំង ហើយត្រូវគោរពអធិបតេយ្យ និងផលប្រយោជន៍សន្តិភាពរបស់ប្រទេសកម្ពុជា


ភ្នំពេញ)៖  ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ បានព្រមានដល់ សមាជិកសភាអាមេរិកមួយក្រុមតូចឱ្យបញ្ឈប់សកម្មភាពប្រឆាំង​ និងជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់កម្ពុជាជាដាច់ខាត ហើយត្រូវគោរពអធិបតេយ្យ និងផលប្រយោជន៍សន្តិភាពរបស់ប្រទេសនេះ។

ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសមាជិកសភាអាមេរិកមួយចំនួនតូច បានសរសេរសំបុត្រស្នើឱ្យអង្គការសហប្រជាជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាមួយនឹងចំណាត់ការដទៃទៀតមកលើ ប្រជាជាតិកម្ពុជា។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចម្លើយរបស់ខ្ញុំ គឺជាការហួសចិត្ត និងសោកស្តាយ ចំពោះអាប្បកិរិយារបស់សមាជិកសភាមួយក្រុមតូចនោះរបស់សហរដ្ឋអាមេរិក ដែលមានចរិតចក្រព័ត្តហួសម័យ រំលោភឈ្លានពាន ចំពោះដំណើរការនៃការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ដែលអនុវត្តតាមច្បាប់បោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត ដែលមានចែងជាធរមាន នៃប្រជាជាតិអធិបតេយ្យ និងនីតិរដ្ឋមួយ ដែលជាសមាជិកពេញសិទ្ធិ និងស្មើភាពគ្នា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិនេះ»

ឯកឧត្តមបានបន្តថា «ទោះបីជាសហរដ្ឋអាមេរិក ជាមហាអំណាចយ៉ាងណាក៏ដោយ ក៏ប្រជាជាតិនេះមានតែសន្លឹកឆ្នោត តំណាងតែមួយសន្លឹកគត់ នោះទោះបើទុកជា ស្ថិតនៅស្ថាប័នសន្និបាត ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ ដូចករណីការបោះឆ្នោត រឿងលេីកយកទូតអាមេរិកទៅនៅតំបន់ សេរុយសាឡេម ជាដេីម»

ឯកឧត្តមបានបន្តថា ចំណុចដោយឡែកមួយទៀតនោះ គឺលិខិតរបស់សមាជិកសភាសហរដ្ឋអាមេរិកនេះ គ្រាន់តែជាញាត្តិ តស៊ូមតិតែប៉ុណ្ណោះ។ ត្បិតអង្គការសហប្រជាជាតិ ជាសមាគមសហប្រជាជាតិរបស់អង្គការនីតិប្រតិបត្តិ ឬរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយពុំមានអ្វីពាក់ព័ន្ធគ្នានោះឡើយ ក្រៅពី IPU ប៉ុណ្ណោះ។

ឯកឧត្តម ផៃ ស៊ីផាន បានបន្តទៀតថា អស់រយៈពេលប្រាំអាណត្តិកន្លងមក កម្ពុជាទទួលបានឱកាស និងសិទ្ធិសេរី ជ្រើសរើសអ្នកតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោត។ ការបោះឆ្នោតនោះ គឺធ្វើតាមកំណត់ដែលបានចែងដោយច្បាប់ និងតាមការកំណត់ដោយជាក់លាក់ នៃច្បាប់បោះឆ្នោតរបស់កម្ពុជា។ សិទ្ធិស្វ័យសម្រេចនេះជាមូលដ្ឋានពិតប្រាកដ និងរឹងមាំដែលជាគ្រឹះប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋាភិបាល គឺជាតំណាងប្រជាពលរដ្ឋខ្មែរ ដែលមិនមែនជារដ្ឋាភិបាលដែលលើកបន្ដុបដោយបរទេសណាមួយ ក្នុងរយៈពេលប្រាំអាណត្តិកន្លងមក។

លោកផៃ ស៊ីផាន បានគូសបញ្ជាក់ថា កន្លងមកសមាជិកសភារបស់ សហរដ្ឋអាមេរិកតែងតែប្រឆាំង និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជាគួរឱ្យខ្មាស់អៀនតាំងពីអាណត្តិទីពីរមកម្ល៉េះ។ ការឈឺចាប់របស់កម្ពុជាក៏ដូចជាប្រជាជាតិអាមេរិកផងដែរ ដែលមិនចង់ឃើញបរទេសមកញាំញីរំខាននិងជ្រៀតជ្រែកការបោះឆ្នោត ដែលជាអធិបតេយ្យរបស់ខ្លួននោះទេ៕