អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនៅឃុំចំនួន០២ ក្នុងស្រុកថាឡាបរិវ៉ាត់និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំកាំងចាម និងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់


ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្ដម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ និងថ្នាក់ដឹកនាំស្រុក បានចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនៅឃុំចំនួន០២ ក្នុងស្រុកថាឡាបរិវ៉ាត់ ដែលជួបការលំបាក និងមិនទាន់បានដោះស្រាយតាមសំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរួចរាល់ ស្ថិតនៅក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានភូមិសាស្ត្រនៅតាមបណ្ដោយទន្លេមេគង្គ ភ្ជាប់ទៅកាន់ឃុំសៀមបូល ស្រុកសៀមបូក។

ក្នុងឱកាសនោះបានពិនិត្យស្ថានភាពផ្លូវ និងស្ពានជាច្រើនកន្លែង ដែលតម្រូវការជាអាទិភាពក្នុងការជួសជុល ស្ថាបនាឡើងវិញ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលមកកាន់ផ្សារក្នុងទីរួមស្រុក និងខេត្ត។ ឆ្លៀតក្នុងដំណើរចុះមូលដ្ឋាននេះ ឯកឧត្ដមអ្នកតំណាងរាស្ត្រ បានជួបសំណេះសំណាលជាមួយមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ តំណាងចាស់ព្រឹទ្ធាចារ្យ តំណាងសហគមន៍ និងប្រជាពលរដ្ឋក្នុងភូមិខាងលើ។