ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ដោយសារប្រទេសជាតិ បានឆ្លងកាត់ ប្រវត្តិសាស្ត្រដ៏ជូរចត់ ដោយសារសង្គ្រាម វិនាសកម្ម ធ្វើឲ្យប្រជាជនរងទុក្ខវេទនា ពាត់ប្រាស់កូនចៅ ក្រុមគ្រួសារ សាច់ញាតិ ឆ្លងកាត់របបប្រល័យពូជសាសន៍ ដ៏យង់ឃ្នង កាប់សម្លាប់ប្រជាជនឥតត្រាប្រណី គ្រាន់តែ ក្នុងរយៈពេលជាង ៣ឆ្នាំ ស្លាប់អស់ជាង ៣ លាននាក់ នាំឲ្យទុក្ខវេទនាខ្លោចផ្សាររកអ្វីប្រៀបផ្ទឹមមិនបាន ដែលប្រជាជនចងចាំមិនភ្លេច និងមិនចង់ឲ្យកើត មានឡើងនូវគ្រោះមហន្តរាយដូច ពីអតីតកាលនេះទៀតទេ ។
ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈបណ្ដាញ ទំនាក់ទំនង Telagram នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា “ឥឡូវនេះ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជា បានស្គាល់សន្តិភាព ស្ថេរភាពនយោបាយ និងមានជីវភាពរស់នៅសម្បូរសប្បាយ ប្រទេសជាតិមានការអភិវឌ្ឈន៏ ។ បើយ៉ាងដូច្នេះ ប្រជាជនគ្រប់ៗរូប គ្មានអ្នណាម្នាក់ មិនចង់ឲ្យមានការផ្លាស់ប្តូរអីទៀតទេ”។
ឯកឧត្តម សុខ ឥសាន បន្តថា “ដាច់ខាតប្រជាជនកម្ពុជា ទូទាំងប្រទេស ចង់បានសន្តិភាព ស្ថេរភាពនយោបាយ និងជីវភាពរស់នៅរីកចម្រើន មានសិទ្ធិសេរីភាពគ្រប់បែប យ៉ាងដូចសព្វថ្ងៃ មិនចង់បានអ្វីក្រៅពីនេះទេ”។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមទៀតថា “បើចង់បានដូច្នេះ ត្រូវតែមានការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា តទៅទៀត ហើយគាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី តទៅទៀត តែប៉ុណ្ណោះ”៕