ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា


នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តី ការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលបានជួបសម្តែងការ គួរសមពីសំណាក់លោកជំទាវManika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ដែល បានទទួលការតែងតាំងមុខដំណែងថ្មីប្រចាំនៅកម្ពុជា និងបានជម្រាបជូនលោកជំទាវអំពីការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងគំនិតផ្តួចផ្តើមកំណែទម្រង់របស់ក្រសួងដែលកំពុងដំណើរការនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យលោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញវិនិយោគិនឥណ្ឌាដែលអាចចាប់អារម្មណ៍ចង់ដាក់ទុនវិនិយោគផ្ទាល់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធPPPនៅកម្ពុជា។

លោកជំទាវ Jain បានកត់សម្គាល់ សំណើរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី និងបានសន្យាបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។