ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អនុញ្ញាតិអោយប្រធានអង្គការJCIA ដឹកនាំគណប្រតិភូជប៉ុនជួបពិភាក្សាការងារពាក់ព័ន្ធទៅលើការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតិអោយ លោក Fumio Yamada ប្រធានអង្គការJCIA ដឹកនាំគណប្រតិភូជប៉ុនជួបពិភាក្សាការងារពាក់ព័ន្ធទៅលើការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុនផ្នែកថែទាំមនុស្សចាស់ នៅទីស្តីការក្រសួង ថ្ងៃអង្គារ ៦រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការ ស្វាគមន៍ ចំពោះគណៈប្រតិភូ របស់អង្គការJCIA ដែល នៅតែជាដៃគូរសហប្រតិបិត្តរយៈពេលវែងជាមួយគ្នា ជារៀងរហូតមក។

លោក Fumio Yamadaលើកឡើងថា អង្គការJCIA និងក្រសួងសង្គមកិច្ចកម្ពុជាមានបំណងចង់បញ្ជូនកម្មសិក្សាការី
ទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុន ដោយសារធនធានមនុស្សផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុនមានកម្រិតទាបនៅឡើយ បន្ទាប់មកកម្មសិក្សាការី
ក៍អាចយកជំនាញនេះមកប្រើប្រាស់នៅកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ កម្ពុជានឹងមានចំនួនមនុស្សចាស់ កើនឡើងដូចប្រទេសជប៉ុនដែរ អញ្ចឹងក៍ត្រូវការអ្នកដែលមានសមត្ថភាពខាងថែទាំមនុស្សចាស់។ ជាមួយគ្នានេះទាក់ទងទៅនឹងសេវាថែទាំមនុស្សចាស់ខាងអង្គការរបស់លោកនឹងគៀងគរអ្នកវិនិយោគទុនរបស់ជប៉ុនមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដូច្នេះគឺ ត្រូវការការសហការ និងការគាំទ្រជាមួយក្រសួងការងារអោយបានច្រើន។

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ទាក់ទងសេវាថែទាំមនុស្សចាស់ដែលលោកYamada
បានលើកឡើងនេះវាជាប្រធានបទដែលយើងកំពុងចាប់ដៃគ្នាធ្វើកិច្ចការនេះ។
កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់អោយប្រើប្រាស់នូវគោលនយោបាយស្តីពីមនុស្ស
ចាស់ ហើយដូច្នេះក្រោមគោលនយោបាយនេះត្រូវការអភិវឌ្ឍនូវធនធានមនុស្សសេវាថែទាំមនុស្សចាស់នេះជាចាំបាច់ ឯកឧត្តមលើកឡើងថា “កន្លងមកខ្ញុំបានទទួលមិត្តភ័ក្រ ជប៉ុនច្រើនដែលបានចាប់អារម្មរណ៍លើបញ្ហានេះ ឥលូវនេះក្រៅពីJCIAដែលមានកម្មវិធីសម្រាប់ការអភិវឌ្ឍ និងបណ្តុះបណ្តាលថែទាំមនុស្សចាស់ យើងមានក្រុមហ៊ុនមួយចំនួនដែលជាដៃគូររបស់យើងដែរ កំពុងតែរៀបចំមជ្ឈមណ្ឌល ឬសាលាបណ្តុះបណ្តាលជំនាញថែទាំមនុស្សចាស់នេះ ហើយប្រទេសទាំងពីរក៍អាចសហការគ្នាបញ្ជូនកម្មសិក្សាការីទៅធ្វើការផ្នែកនេះដែរ នេះជាឪកាសដែលយើងបានធ្វើជាដៃគូរជាមួយគ្នាដើម្បីបញ្ជូនកម្មសិក្សាការីទៅជប៉ុន”។ ឯកឧត្តម បន្តថា “ឥលូវនេះកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុនគឺមានជាង៦ពាន់នាក់ ហើយមួយថ្ងៃទៅមួយថ្ងៃក៍មានការជ្រើសរើស ការបណ្តុះបណ្តាល និងការបញ្ជូនទៅកាន់តែច្រើន អញ្ចឹងទេខាងCJIA ក៍ខំប្រឹងរកដៃគូរបន្ថែមទៀតដើម្បីរូមចំណែកក្នុងការបណ្តុះបណ្តាល និងបញ្ជូនទៅ ក្រៅពីការគាំទ្រដល់គម្រោងរបស់មជ្ឈមណ្ឌលក៍យើងត្រូវគិតដល់កិច្ចសហប្រតិបត្តិការបើកទូលាយបន្ថែមទៀត”។

លោក Fumio Yamada សង្កត់ធ្ងន់ថា JCIA មិនត្រឹមតែ ខិតខំពន្លឿន ទៅលើការបណ្តុះបណ្តាលខាងធនធានមនុស្សទេ គឺយើងនឹងផ្តល់ខាងគ្រូបង្គោលដើម្បីហ្វឹកហាត់ទៅដល់កម្មសិក្សាការីផងដែរ។ កម្មសិក្សាការីថែទាំមនុស្សចាស់វាខុសប្លែកពីកម្មសិក្សាការីផ្សេងៗទៀត គឺតម្រូវអោយគាត់ចេះភាសាជប៉ុនអោយបានច្រើនដើម្បីងាយស្រួលទំនាក់ទំនង ព្រោះកិច្ចការងារនេះយើងធ្វើរវាងមនុស្សនិងមនុស្សអញ្ចឹងវាអាចមានបញ្ហាខ្លះនឹងកើតមានឡើងកំឡុងពេលធ្វើកិច្ចការនេះផងដែរ។