សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យលោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ម៉ានីកា ជេន (HE. Mrs. Manika Jain )ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។
សម្តេចអគ្គមហាពញាចក្រីហេង សំរិន សង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីនេះ លោកជំទាវឯកអគ្គរដ្ឋទូត នឹងបន្តជម្រុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទ្វេភាគី លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល ព័ត៌មានវិទ្យា ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ក្នុងនោះដែរ សម្តេចបានស្នើសុំ លោកជំទាវ ជួយជម្រុញឲ្យមានការតភ្ជាប់ការហោះ ហើរត្រង់ពី ឥណ្ឌា មក កម្ពុជា ដើម្បីលើកកម្ពស់វិស័យ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ពី ឥណ្ឌា មក កម្ពុជា ឲ្យបានខ្លាំងក្លា ។
លោកជំទាវបានជម្រាបជូនសម្តេចអគ្គមហាពញាចក្រីហេង សំរិនថានៅក្នុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែរីកចម្រើនថែមទៀតពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៏។ព្រមជាមួយនេះលោកជំទាវនឹងជួយជម្រុញដល់រដ្ឋាភិបាលឥណ្ឌាដើម្បីអោយមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជានិងពីកម្ពុជាទៅឥណ្ឌា៕