ឯកឧត្តម សុខ ឥសាន បានពន្យល់ដល់ជនអគតិមួយចំនួន កុំឲ្យគិតផ្សេង អំពីជំនួយរថក្រោះរបស់ប្រជាមានិតចិន


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅថ្ងៃទី១១ ខែកុម្ភៈនេះ បានពន្យល់ដល់ជនអគតិមួយចំនួន កុំឲ្យគិតផ្សេង អំពីជំនួយរថក្រោះរបស់ប្រជាមានិតចិន ឲ្យកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម បានបញ្ជាក់ថា ” នៅពេលថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតចិន បានឧបត្ថម្ភរថក្រោះ រថពាសដែក ចំនួនប្រមាណ៧០គ្រឿង ជូនកងយោធពលខេមរភូមិន្ទ ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាព និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ប្រកបដោយសុខសុភមង្គល” ។

ឯកឧត្តម​ សុខ ឥសាន បានបញ្ជាក់ថា ក្នុងការផ្តល់ជំនួយដ៏ថ្លៃថ្លានេះ របស់ប្រទេសចិនមកឲ្យកម្ពុជា ក្នុងគោលបំណងល្អ តែបែរជាមានជនអគតិមួយចំនួន និយាយមួលបង្កាច់ថា ចិនផ្តល់ជំនួយនេះ ដើម្បីឲ្យខ្មែរយកមកសម្លាប់ខ្មែរ ។ ការនិយាយនេះ គឺជាមួលបង្កាច់ ផ្ទុយពីការពិតទាំងស្រុង ។ មានតែគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទេ ដែលជាអ្នកសង្គ្រោះប្រជាជន ឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៏ នៃរបបប៉ុលពត  ដាក់ចេញនយោបាយ បង្រួបបង្រួមជាតិ នាំដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដាក់ចេញនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព ពេញលេញជូនជាតិមាតុភូមិ ដែលជាឱកាសកសាង និងអភិវឌ្ឈន៏ប្រទេស ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ កែប្រែជីវភាពរស់នៅ របស់ប្រជាជន បានល្អប្រសើរ ជាលំដាប់” ។

ឯកឧត្តម សុខ ឥសាន ក៏បានវាយតម្លៃថា ដូច្នេះ ការនិយាយថា ចិនឲ្យយុទ្ធោបករណ៏មកកម្ពុជា ដើម្បីឲ្យខ្មែរសម្លាប់ខ្មែរ ជាការផ្ទុយពីការពិត ​និងជាការឃោសនា នយោបាយកេងចំណេញ ឲ្យមជ្ឈដ្ឋានប្រឆាំងតែប៉ុណ្ណោះ ។ អ្នកនិយាយបែបនេះ គ្រាន់តែជាការនាំពាក្យ ឲ្យពួកឧទ្ទាមក្រៅច្បាប់ តែប៉ុណ្ណោះ ។         ការពិតនៅតែជាការពិត មានអាវុធយុទ្ធភ័ណ្ឌទំនេីប គឺជាសំណូមពរចាំបាច់សម្រាប់ ការពារសន្តិភាព ការពារប្រជាជនកម្ពុជា ឲ្យរួចផុតពីគ្រោះមហន្តរាយ ដូចពីអតីតកាល និងជាពិសេសទុកកម្ទេចចោល រាល់ឧបាយកលចង់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងចង់បំផ្លាញសន្តិភាពនៅកម្ពុជា តាមរយៈបដិវត្តន៏ព៌ណ កុំឲ្យវាងើបក្បាលរួច៕