ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់ សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យវេស្ទើន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សរៀនកាន់តែពូកែ ការបង់ថ្លៃកាន់តែតិច គឺជាបំណងដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ សម្តេចតេជោ ហ៊ុន សែន ការអប់រំពឹងតែលើវិស័យរដ្ឋមិនអាចគ្រប់គ្រាន់នោះទេ ហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំនៅតែជាបញ្ហា ហើយសាកលវិទ្យាល័យមានគុណភាពអប់រំល្អ គឺទទួលបានសិស្សកាន់តែច្រើន សាកលវិទ្យាល័យមានគុណភាពអប់រំទាប គឺទទួលសិស្សបានកាន់តែតិច។ សម្តេចតេជោថា នេះហើយគឺជាការប្រកួតប្រជែង តែការប្រកួតប្រជែងនេះ មិនមែនជាការប្រកួតប្រជែងដើម្បីសញ្ញាបត្រទេ គឺជាការប្រកួតប្រជែងយកគុណភាពចំណេះដឹងរបស់និស្សិត។

* សម្តេចតេជោ​ថ្លែងថា រាល់អាហារូបករណ៍ដែលសាកលវិទ្យាល័យនានាប្រគល់ជូនសម្តេច មិនបានយកទៅណានោះទេ គឺយកទៅកូនចៅប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រីក្រ។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ការបណ្តុះបណ្តាលត្រូវផ្សារភ្ជាប់ជាមួយការងារធ្វើមិនមែនជារឿងដាច់ដោយឡែកនោះទេ។ សម្តេចរំលឹកថា នៅពេលប្រទេសទើបងើប ចេញពីសង្គ្រាម មិនសូវមានអ្នករៀននោះទេ ព្រោះតែរៀនហើយមិនមានការងារធ្វើ។

* សម្តេចតេជោបន្ថែមថា ត្រូវពន្លឿនការបណ្តុះបណ្តាលឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីជំនួសអ្នកបច្ចេកទេស និងបុគ្គលិកបរទេស។

* សម្តេចតេជោ បានថ្លែងកត់សម្គាល់ថា តាមរោងចក្រសហគ្រាសនាពេលបច្ចុប្បន្នមានអ្នកបច្ចេកទេសជាជនខ្មែរច្រើន មិនសូវមានអ្នកបច្ចេកទេសបរទេសទៀតទេ។ ផ្ទុយទៅវិញតាមវិស័យសំណង់វិញអ្នកបច្ចេកទេសភាគច្រើនជាជនបរទេស ក្នុងន័យនេះសម្តេចជំរុញឲ្យក្រសួងមានការបណ្តុះបណ្តាលបច្ចេកទេសលើវិស័យសំណង់។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ការសាងសង់វារីអគ្គិសនី ក៏កម្ពុជាមិនទាន់មានអ្នកជំនាញបច្ចេកទេសផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨ ការវិនិយោគមកពីខាងក្រៅបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ៣០ម៉ឺនកន្លែង។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការសិក្សារៀនសូត្រមិនមែនដើម្បីតែទៅធ្វើការងារនោះទេ តែក៏អាចយកទៅដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួនផងដែរ ហើយការបង្កើតមុខរបរដោយខ្លួនឯងនេះ អាចបង្កើតការងារច្រើនផងដែរ។​

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃចំនួនសិស្សស្ត្រីពេលចូលថ្នាក់ឧត្តមសិក្សា។ ឆ្លើយតបបញ្ហានេះ សម្តេចតេជោ បានស្នើឲ្យក្រសួងអប់រំ និងអ្នកពាក់ព័ន្ធសិក្សារកមូលហេតុ ដែលនាំឲ្យមានការថមថយនិស្សិតជានារីនៅឧត្តមសិក្សា។ សម្តេចនាយករដ្ឋមន្ត្រី ស្នើឲ្យធ្វើការព្រមៗគ្នា ដើម្បីកាត់បន្ថយគម្លាតសិស្សប្រុស និងសិស្សស្រី ជាពិសេសកាត់បន្ថយគម្លាតចំណេះដឹងរវាងស្រ្តី និងបុរស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេពិបាកក្នុងការកាត់បន្ថយគម្លាតនៃទ្រព្យធន ប៉ុន្តែគេអាចកាត់បន្ថយគម្លាតនៃចំណេះដឹង ពោលកូនអ្នកមាន អ្នកក្រ មានលទ្ធភាព ទទួលបានការអប់រំដូចគ្នា។ សម្តេចតេជោថា ដើម្បីកាត់បន្ថយគម្លាតចំណេះដឹងថា គឺត្រូវពង្រាយសាលា និងគ្រូៗទៅតាមជនបទឲ្យបានច្រើន ពោលកូនអ្នកមានអាចសិក្សាចប់ថ្នាក់បាក់ឌុប កូនអ្នកក្រក៏អាចចប់បាក់ឌុបផងដែរ ហើយសិស្សនិទ្ទេស A មិនមែនមានតែកូនអ្នកនៅភ្នំពេញទេ​ កូនអ្នកជនបទក៏ជាប់និទ្ទេស A ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កសិកម្មរបស់បណ្តាប្រទេសមួយចំនួន រួមទាំងប្រទេសជប៉ុនផងដែរ មិនត្រឹមតែបង្កើតឡើងដើម្បីចិញ្ចឹមប្រជាពលរដ្ឋរបស់គេនោះទេ គឺអាចនាំចេញបង្កើនចំណូលសេដ្ឋកិច្ចជាតិថែមទៀតផង។

* សម្តេចតេជោ បានថ្លែងថា បន្ទាប់ពីការដាក់ចេញគោលនយោបាយកសិកម្ម បានធ្វើឲ្យការផលិតស្រូវរបស់កម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងខ្ពស់។ ក្នុងនោះកម្ពុជាសល់ស្រូវក្នុងមួយឆ្នាំៗមិនតិចជាង ៥លានតោននោះទេ។ បើទោះបីកម្ពុជាអាចផលិតស្រូវបានច្រើន តែការនាំចេញអង្ករមិនទាន់ទទួលជោគជ័យនៅឡើយ ព្រោះតែភាពប្រកួតប្រជែង។

* សម្តេចតេជោ បានថ្លែងថា កម្ពុជាតែងតែព្យាយាមដេញថ្លៃផ្គត់ផ្គង់អង្ករទៅប្រទេសហ្វីលីពីន តែដេញមិនឈ្នះថៃ និងវៀតណាមទេ ព្រោះតែប្រទេសទាំងពីរនេះដាក់ថ្លៃថោកជាងកម្ពុជា។ តែសម្តេចបន្តថា បើទោះបីតម្លៃអង្ករកម្ពុជាថ្លៃ តែគុណភាពអង្ករកម្ពុជាល្អ ហើយមានមេដឹកនាំប្រទេសដទៃមួយចំនួនមិនហូបអង្ករប្រទេសខ្លួនទេ បែរជាហូបអង្ករកម្ពុជា ព្រោះមានរសជាតិឆ្ងាញ់។

* បើទោះបីជាយ៉ាងណា សម្តេចតេជោស្នើឲ្យរួមគ្នាកាត់បន្ថយតម្លៃផលិតរបស់ប្រជាកសិករឲ្យបានទាបតាមរយៈតម្លៃជី និងតម្លៃថ្នាំកសិកម្មជាដើម។ តែទោះជាយ៉ាងណាសម្តេចស្នើឲ្យរក្សានូវគុណភាពអង្ករ មិនត្រូវព្រោះតែចង់បានតម្លៃទាបធ្វើឲ្យខូចគុណភាពអង្ករនោះឡើយ។

* សម្តេចតេជោ បានហៅលោក សម រង្ស៊ី ថា ជាមនុស្សឆ្កួត ដែលបានមកបបួលសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រីនៅអាយុ៦៥ឆ្នាំ។

* សម្តេចតេជោ ក៏បានថ្លែងប្រតិកម្មផងដែរ ចំពោះលោក សម រង្ស៊ី ដែលបានប្តឹងសម្តេចទៅលេងក្រុមហ៊ុន Facebook។ សម្តេចបានចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ជាទង្វើរបស់មនុស្សឆ្កួត។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម រង្ស៊ី លេង Facebook ចាញ់សម្តេច ក៏ដាក់ពាក្យបណ្តឹងដែរ គួរឲ្យអស់សំណើច, Fresh News & Radio កំពុងផ្សាយផ្ទាល់

* សម្តេចតេជោ ថ្លែងថា សម្តេចបានអនុគ្រោះឲ្យលោក សម រង្ស៊ី ច្រើនលើកច្រើនសាររួចមកហើយ តែមិនព្រមកែខ្លួន។ ដូច្នេះចាប់ពីពេលនេះទៅសម្តេច នឹងអនុវត្តន៍នយោបាយរបស់ទណ្ឌិត សម រង្ស៊ី «មានស៊ីអត់សែន មានសែនអត់ស៊ី» ពោលសម្តេចមិនលើកលែងឲ្យទណ្ឌិត សម រង្ស៊ី ជាថ្មីនោះឡើយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ជាមនុស្សបំបែកបំបាក់ជាតិ ។

* សម្តេចតេជោ បានគូសបញ្ជាក់ថា ឆ្នាំ២០១៨នេះ ជាឆ្នាំពោរពេញដោយភាពមមាញឹក ហើយសម្តេចប្រហែលជាត្រូវចេញទៅក្រៅប្រទេសយ៉ាងតិចចំនួន ៣ដងទៀត។

* សម្តេចតេជោ បានថ្លែងថា មិនគួរមានការរារាំងចំពោះការចរចារបស់បងប្អូនកូរ៉េនោះទេ ពោលគឺទុកឲ្យកូរ៉េទាំងពីរចរចាគ្នា ដើម្បីបន្ធូបន្ថយភាពតានតឹង។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការចរចារវាងបងប្អូនកូរ៉េទាំងពីរ ដើម្បីបញ្ចប់នូវភាពតានតឹង។

* សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរផងដែរចំពោះដំណើរការចរចាកូរ៉េទាំងពីរនេះ។ សម្តេចតេជោថា កាយវិការនេះគឺបង្ហាញពីភាពចង់ស្រុះស្រួលគ្នារវាងបងប្អូនកូរ៉េទាំងពីរ ហើយលើកទឹកចិត្តឲ្យជំរុញការចរចា និងសុំឲ្យមានការរំខានពីប្រទេសដទៃ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយការប្រុងប្រយ័ត្នខ្ពស់កុំឲ្យមានគ្រោះថ្នាក់ក្នុងពេលបុណ្យចូលឆ្នាំចិន។

* សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជំរុញឲ្យចាត់វិធានការចំពោះរថយន្តតទ្រុង ហើយសម្តេចនៅតែបន្តតាមដានលើចំណាត់ការដែលជាបទបញ្ជារបស់សម្តេចនេះ។

* ពាក់ព័ន្ធការអនុវត្តន៍វិធានការលើរថយន្តតទ្រុងនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានសម្តែងចម្ងល់ថា តើមន្ត្រីកំពុងអនុវត្តន៍បទបញ្ជារបស់សម្តេច ឬអនុវត្តន៍ច្បាប់។ សម្តេចថា ច្បាប់មានហើយមិនព្រមនាំគ្នាធ្វើ បែរជានៅរង់ចាំបទបញ្ជារបស់សម្តេចទៀត។ សម្តេចថា ជារឿងដ៏គ្រោះថ្នាក់មួយសម្រាប់សង្គម ដែលច្បាប់មានហើយមិនព្រមអនុវត្តន៍ បែរជារង់ចាំតែបទបញ្ជារបស់សម្តេច។

* សម្តេចតេជោ បានបញ្ជាឲ្យបិទយានដ្ឋានទាំងឡាយ ដែលបន្តរឹងរូសកែច្នៃ ឬតទ្រុងរថយន្តខុសច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មើលព័ត៌មាន Fresh News ឃើញនាយកសាលាអន្តរជាតិវេស្ទើនម្នាក់ចងកធ្វើអត្តឃាតព្រោះតែជំងឺ, សម្តេចសូមចូលរួមសោកស្តាយ និងរំលែកទុក្ខផង។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់នារីៗកុំឲ្យបង់ខ្លួននៅថ្ងៃ១៤ កុម្ភៈ ព្រោះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះឡើយ។