កម្ពុជា-ថៃ គ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លើកទី៦


(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យឯកឧត្តម Jirawuth Suwanna-Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃប្រចាំកម្ពុជា និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ (6th JTC កម្ពុជា-ថៃ) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ នឹងផ្តោតសំខាន់ទៅលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងឱកាសនៃការជួបសម្តែងការគួរសមនោះ ឯកឧត្តម Jirawuth Suwanna-Arj ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរក្នុងន័យបង្កើនទំហំពាណិជ្ជកម្ម និងសហប្រតិបត្តការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលនៃកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍នូវគោលបំណងក្នុងការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចនេះ និងលើកទឹកឲ្យការរៀបចំនេះទទួលបានជោគជ័យ។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃ លើកទី៦ នៅសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ដែលនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងមានកិច្ចប្រជុំឧត្តមមន្រ្តី ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម នៃប្រទសទាំងពីរ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។