សម្តេចតេជោប្រកាសថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១៧ បោះឆ្នោតឃុំសង្កាត់


Elect 25 05 16 2 copy

     សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយកថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ គឺជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងសង្កាត់ ។ សេចក្តីប្រកាសកំណត់នេះ បានធ្វើនៅថ្ងៃទី២៤ ខែឧសភានេះ តាមសេចក្តីសម្រេចចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

     ការបោះឆ្នោតឃុំ-សង្កាត់ ដែលមានអាណត្តិ ៥ឆ្នាំ គឺជាកំណែទម្រង់មួយ ដែលចាប់ផ្តើមលើកដំបូងតាំងពីឆ្នាំ ២០០២ នោះមក… ហើយកាលបរិច្ឆេទបោះឆ្នោតឃុំ និងសង្កាត់ដែលនឹងធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ខាងមុខនេះ គឺជាដំណើរការបោះឆ្នោតសម្រាប់អាណត្តិទី៤ ។

     សេចក្តីប្រកាសសម្រេចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានទន្ទឹមនឹងដំណើរទស្សនកិច្ច ៤ថ្ងៃ របស់គណៈប្រតិភូនៃអង្គការមូលនិធិខូហ្វីអាណាន់ (Kofi Annan Foundation) តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដើម្បីពិនិត្យដំណើរកិច្ចការបោះឆ្នោតរបស់ប្រទេសកម្ពុជា សំដៅធានារកភាពសេរី យុត្តិធម៌និងតម្លាភាពត្រឹមត្រូវ ។

     សេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃនេះទៀត បានស្របនឹងដំណើរការត្រៀមរៀបចំជាបណ្តើរៗ របស់ គ.ជ.ប ក្នុងដំណើរការត្រៀមចុះឈ្មោះដែលនឹងផ្តើមធ្វើនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ ។ សេចក្តីរាយការណ៍បានអោយដឹងថា ជំនួយសម្ភារៈរបស់ក្រុមអ្នកផ្តល់ជំនួយក្នុងដំណើរការរៀបចំបោះឆ្នោត ក៏បានមកដល់កម្ពុជាហើយ ចំណែកសម្ភារៈខ្លះទៀត ក៏នឹងជិតមកដល់ជាបណ្តើរៗផងដែរ ។ សេចក្តីរាយការណ៍ពីគ.ជ.ប បានអោយដឹងថា ជំនួយសម្ភារៈរបស់ជប៉ុន បានមកដល់កម្ពុជាហើយ… ចំណែកសម្ភារៈបច្ចេកទេសផ្តល់ដោយសហគមន៍អឺរ៉ុប នឹងគ្រោងមកដល់កម្ពុជានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦… ដោយឡែកសម្ភារៈដែលបញ្ជាទិញដោយ គ.ជ.ប ក៏គ្រោងនឹងមកដល់នៅខែកក្កដា ខាងមុខនេះថែមទៀត ដែលគេរំពឹងថា ដំណើរការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ នឹងអាចប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីឡើយ ។