អភិបាលរងខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រជាពលរដ្ឋពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា មិនថាផ្លូវជិត ឬឆ្ងាយឡើយ


កំពង់ឆ្នាំង៖ ឯកឧត្តមអៀង វុធអភិបាលរងខេត្តកំពង់ឆ្នាំងបានអំពាវនាវបែបនេះនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការពាក់មួកសុវត្ថិភាពលើកទី៦ តាមផ្លូវជាតិលេខ៥ នៅក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម កែវ ពៅប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត កំពង់ឆ្នាំងផងដែរ។

ឯកឧត្តមអៀង វុធ អភិបាលខេត្ត បានបន្ដថា គ្រោះថ្នាក់ចរាចរណ៍ ជាឃាតកលាក់មុខដែលបានសម្លាប់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ កើតឡើងដោយសារការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព មហន្តរាយដ៏ធំធេងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពរបស់ពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ដោយពាក់មួកសុវត្ថិភាព ក៏ដូចជាការយកចិត្តទុកដាក់ចំពោះការរីកចម្រើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិទាំងមូល និងការរស់នៅជួបជុំគ្រួសារប្រកបដោយសុខដុមរមនា រដ្ឋមន្ត្រីក្រសួងសាធារណការ បានរិះរកគ្រប់មធ្យោបាយ ដើម្បីបានមួកសុវត្ថិភាព សម្រាប់ចែកជូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអៀង វុធ អភិបាលរងខេត្ត ឯកឧត្តមកែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន
ខេត្តកំពង់ឆ្នាំង​ បានធ្វើការសាកសួរអំពី សំនួរចម្លើយដល់ប្រជាពលរដ្ឋ និងចែកមួកសុវត្តិភាពជូនដល់ពលរដ្ឋ ដែលបើកបរម៉ូតូពុំពាក់មួកសុវត្ថិភាពផងដែរ៕