រោងចក្រទឹកដោះគោតម្លៃ ២៣លានដុល្លារ សម្ពោធនៅជាយក្រុង


Ankor Milk 26 05 16 2 copy

     កម្ពុជាបានដាក់សម្ពោធឲ្យដំណើរការរោងចក្រផលិតទឹកដោះគោតម្លៃជាង ២៣លានដុល្លារ នៅជាយរាជធានីភ្នំពេញ ។ នេះគឺជារោងចក្រផលិតទឹកដោះគោដំបូងគេបំផុតនៅកម្ពុជា ។ ពិធីសម្ពោធបានធ្វើនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ ក្រោមអធិបតីភាព លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

     រោងចក្រដែលសម្ពោធគឺជារោងចក្រទឹកដោះគោអង្គរ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រោងចក្រទឹកដោះគោអង្គរ Milk ត្រូវគេនិយាយថា ជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុនទឹកដោះគោវៀតណាម Vina Milk ជាមួយក្រុមហ៊ុនកម្ពុជា BPC Trading លើទុនវិនិយោគ២៣លានដុល្លារ ដែលបានចាប់ផ្ដើមសាងសង់តាំងពីខែមករា ឆ្នាំ ២០១៥ មក ។

     អគ្គនាយកក្រុមហ៊ុនកម្ពុជា BPC Trading លោក ហ្វាត ប៊ុន បានឲ្យដឹងថា រោងចក្រនោះ បានបំពាក់នូវសម្ភារៈបរិក្ខាទំនើប ដែលនាំចូលពីបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ហើយរោងចក្រយកចិត្តទុកដាក់លើកត្តាសុវត្ថិភាពចំណីអាហារ និងបរិស្ថានផងដែរ ។ លោកថា រោងចក្រនឹងផលិតទឹកដោះគោស្រស់… ទឹកដោះគោខាប់ និងទឹកដោះគោជូរ ជាដើម ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងលើកស្ទួយ ឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជា ដើម្បីផ្គត់ផ្គង់ក្នុងប្រទេស និងនាំចេញទៅកាន់ទីផ្សារអាស៊ាន និងពិភពលោកថែមទៀត ។

     លោកជំទាវឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងបានបង្កលក្ខណៈងាយស្រួល ដោយជម្រុញវិស័យឯកជនឲ្យរីកលូតលាស់តាមរយៈ ការអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ។ លោកជំទាវក៏បានកោតសរសើរដល់ក្រុមហ៊ុនទឹកដោះគោវៀតណាម (VINAMILK) ដែលបានសហការជាមួយក្រុមហ៊ុន BPC Trading ដែលបានផ្តល់ទំនុកចិត្ត និងសម្រេចចិត្តវិនិយោគ ដោយបង្កើតរោងចក្រទឹកដោះគោអង្គរ ដែលមានទីតាំងស្តិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសនេះ ។

     លោកជំទាវ បានថ្លែងថា ការបង្កើតរោងចក្រនេះគឺពិតជាអាចរួមចំណែករក្សាស្ថិរភាព និងកំណើន សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈ ការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការជួយកាត់បន្ថយភាពក្រីក្រ… និងលើសពីនេះទៅទៀត ក៏ជាការរួមចំណែកក្នុងការងារនគរូបនីយកម្ម និងការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងដោយបានកាត់បន្ថយការធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសជិតខាងផងដែរ ។

Ankor Milk 26 05 16 3 copy  Ankor Milk 26 05 16 4 copy

Ankor Milk 26 05 16 5 copy  Ankor Milk 26 05 16 6 copy