វៀតណាមផ្តល់អគារតម្លៃ ១១ម៉ឺនដុល្លារ សម្រាប់អតីតជនពិការ


Pal Saroeun 27 05 16 2 copy

     វៀតណាមបានផ្តល់អគារមួយខ្នងតម្លៃ ១១ម៉ឺនដុល្លារអាមេរិក ស្ថិតក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍កងយោធពលខេមរភូមិន្ទ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ។ អគារនេះត្រូវបាន សម្ពោធនៅថ្ងៃទី២៦ខែឧសភានេះ ជាអំណោយរបស់របស់កងទ័ពប្រជាជនវៀតណាម ដែលត្រូវបានសម្ពោធដាក់អោយប្រើ ប្រាស់ជាផ្លូវការ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម  នាយឧត្តម សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ កងយោធពលខេមរភូមិន្ទ និង លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង ប្រធានអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកម្ពុជា តំណាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

     លោកវរសេនីយ៍ឯក ង្វៀន អាញ់យុង បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ កងទ័ពប្រជាជនវៀតណាម នូវតែបន្តជួយឧបត្ថម្ភ ដល់ការក៏សាងកងយោធពលខេមរ ភូមិន្ទ អោយកាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ព្រមទាំងជួយបណ្តុះបណ្តាលធនធាន មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនានា ទៅតាមលទ្ធភាព ដែលប្រទេសវៀតណាមអាចជួយទៅបាន ទាំងនេះនឹង ធ្វើអោយចំណងសាមគ្គីភាព រវាងប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។

     នាយឧត្តមសេនីយ៍ ប៉ុល សារឿន បញ្ជាក់ថា ក្រសួងការពារជាតិ និង អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជានិច្ចកាលបានផ្តល់ការឧបត្ថម្ភ គាំទ្រ ដល់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ កត្តាទាំងនេះមិនត្រឹមតែធ្វើអោយចំណងមិត្តភាព បានកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែវាបានរួម ចំណែកដល់ការ ថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និង ការលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរថែមទៀត។

     អគាររដ្ឋបាលមួយខ្នងនេះ មានទំហំ 258 ម៉ែត្រការ៉េ ចែកចេញជាប្រាំពីរបន្ទប់ ចំណាយ អស់ថវិការសរុបចំនួន ១១ម៉ឺនដុល្លាអាមេរិក ។ មជ្ឈមណ្ឌលអភិវឌ្ឍន៍ គឺជាអង្គភាពមួយ ស្ថិតក្រោមការដឹកនាំបញ្ជារបស់ទីចាត់ការអភិវឌ្ឍន៍ មានផ្ទៃដីចំនួន141 ហិចតា ដែលកំពុងអភិវឌ្ឍន៍ ដាំដំណាំ ជាបន្តបន្ទាប់៕