ក្រុមហ៊ុនចិនរកទីតាំងសង់ក្រុងទំនើបតម្លៃ ៥ពាន់លានដុល្លារ


New City Project 2 copy

     ក្រុមហ៊ុនមួយរបស់ចិនបានថ្លែងថា គេកំពុងសិក្សាក្នុងការសាងសង់ទីក្រុងទំនើបមួយនៅកម្ពុជា ក្នុងតម្លៃ ៥ពាន់លានដុល្លារអាមេរិក ។ ការលើកពីគំរោងនេះ បានធ្វើឡើងគ្រាដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាជាមួយនាយកក្រុមហ៊ុន ខោនទ្រី ហ្គោឌិន ហូឌីង លោក យ៉ាង កូវឆាំង របស់ប្រទេសចិន ។

     លោក អ៊ាង សុផល្លែត ជំនួយការ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា លោក យ៉ាង បានជំរាបជូនសម្តេចតេជោថា នេះគឺជាដំណើរទស្សនកិច្ចរបស់លោកលើកទី១ ក្នុងការមកពិនិត្យសិក្សាស្រាវជ្រាវ ដើម្បី វិនិយោគការសាងសង់ទីក្រុងទំនើបមួយនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ក្រុមហ៊ុនរបស់លោកមានថវិការប្រមាណ ៥ពាន់លានដុល្លារ ក្នុងការវិនិយោគ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុន របស់លោក កំពុងតែនិវិយោគនៅប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់ ទីក្រុង ទំនើបមួយ ដែលអាចអោយមនុស្សស្នាក់នៅប្រមាណ ២លាននាក់ ហើយទីក្រុងនោះកំពុង សាងសង់នៅជាប់ព្រំប្រទល់ រវាងប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី ដោយមានការគាំទ្រ ពីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយលោកមានបំណងសាងសង់ទីក្រុងដូចគ្នានេះ នៅក្នុងប្រទេសកម្ពុជា ។ លោកយ៉ាង បានសុំអនុសាសន៍ ពីសម្តេចតេជោ ដើម្បីពិនិត្យលទ្ធភាពសាង់សង់ទីក្រុងដូចគ្នានេះ នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយរំដោះចរាចរណ៍ នៅក្នុងទីក្រុងផង និងសាងសង់ទីក្រុងថ្មីមួយ ដែលលក្ខណៈទំនើប និងមានសោភណភាពល្អ ។

     សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះការសិក្សា ស្វែងយល់ការវិនិយោគ ទីក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានផ្តល់អនុសាសន៍អោយធ្វើការសិក្សា លើគម្រោងប្លង់មេរបស់ទីក្រុងភ្នំពេញ ដើម្បីស្វែងយល់តំបន់ណា ដែលអាចសាងសង់ទីក្រុងបាន និងតំបន់ណាដែលមិនអាចសាងសង់បាន ។ សម្ដេច បានអោយ លោក យ៉ាង ធ្វើការជាមួយ នឹងមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាធ្វើការសិក្សាអោយបានលម្អិត មុននឹងធ្វើការ វិនិយោគ ព្រោះវាគឺជាការវិនិយោគដ៏ធំមួយដែលអាចជួយរួមចំណែក ជំរុញកំណើននៃការ អភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជា ៕

New City Project 3 copy  New City Project 4 copy