ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន និង ឯកឧត្តម សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ


នៅអគ្គបញ្ជាការដ្ឋាន ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនិង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិសម្រាប់វិស័យការពារជាតិ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់អំពីសាវតារនៃការចាប់ផ្តើមរៀបចំគ្រប់គ្រងដីធ្លីតំបន់អភិរក្ស ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន និងស្នើបង្កើតក្រុមការងារចម្រុះ ដើម្បីពិភាក្សាលើបញ្ហាដីធ្លីសម្រាប់កងទ័ពប្រើប្រាស់ និងធ្វើការចុះបញ្ជីដីរដ្ឋ ឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន សូមគូសបញ្ជាក់ថា កងទ័ពគឺកើតចេញពីប្រជាជន កងទ័ពរបស់ប្រជាជន និងជាកងទ័ពរបស់ប្រទេស ដូច្នេះត្រូវមានភារកិច្ចការពារប្រទេសជាតិ ការពារផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជន។
បន្ទាប់ពីពិភាក្សា ភាគីទាំងពីរ បានឯកភាពលើបីចំណុច៖
ទី១-រៀបចំបង្កើតក្រុមការងារចម្រុះដែលមាន៦ស្ថាប័ន រួមមាន៖ ក្រសួងបរិស្ថាន កសិកម្ម រ៉ែនិងថាមពល មហាផ្ទៃ រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងស្ថាប័នកងទ័ព ក្នុងនោះ ស្ថាប័នកងទ័ពមានភារកិច្ចជួយការពារ។
ទី២-អង្គភាពណាមួយដែលស្នើសុំដី (ដីរដ្ឋ ដីសម្បទាន និងដីកសិកម្ម) ទៅក្រសួងបរិស្ថាន ត្រូវរុញត្រឡប់មកវិញ។
ទី៣-ក្រសួងបរិស្ថាន ត្រូវពិនិត្យតំបន់ណាដែលចាំបាច់បំផុត ដូចជា តំបន់ឧទ្យានជាតិវរជ័យ ជាដើម ត្រូវសហការជាមួយកងទ័ពជាបន្ទាន់ ដើម្បីជួយការពារ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន សូមអរគុណចំពោះឯកឧត្តម រដ្ឋមន្ត្រី និងក្រុមការងារទាំងអស់ ដែលបានសហការគ្នាក្នុងការបំពេញបេសកកម្ម ការពារទ្រព្យសម្បត្តិរដ្ឋ៕