ឯកឧត្តម គឹម សន្តិភាព បកស្រាយចម្ងល់ ស្តីពីតើ ឯកឧត្តម កឹម សុខា បន្តប្រឈមនឹងការចាប់ និងឃុំខ្លួន​ ដោយមិនទាន់ផុតរយៈពេលនៃការស៊ើបអង្កេត៧ថ្ងៃ​?


(ភ្នំពេញ)៖ ដោយក្នុងមួយរយៈពេលប៉ុន្មានថ្ងៃនេះ មានចម្ងល់ពីមហាជនជាច្រើនបានលើកឡើងថា តើ ឯកឧត្តម កឹម សុខា កំពុងបន្តប្រឈមនឹងការចាប់ និងការឃុំខ្លួន ដោយសារមិនទាន់ផុតរយៈពេល នៃការស៊ើបអង្កេតបទល្មើសជាក់ស្តែង៧ថ្ងៃ? តើបន្ទាប់ពីមានការចោទប្រកាន់ ពីព្រះរាជអាជ្ញា ឯកឧត្តម កឹម សុខា អាចនឹងប្រឈមនឹងអ្វីខ្លះ ? ចម្ងល់ទាំងនេះ យើងខ្ញុំ សូមធ្វើកិច្ចសម្ភាសន៍ជាមួយ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីធ្វើការបកស្រាយពាក់ព័ន្ធ នឹងចម្ងល់ផ្លូវច្បាប់មួយចំនួនដូចខាងក្រោម៖

សំណួរ៖ ដោយបច្ចុប្បន្ននេះមានការបារម្មណ៌អំពី ស្ថានភាពរបស់ ឯកឧត្តម កឹម សុខា ថា នៅតែប្រឈមនឹងការចាប់ និងឃុំខ្លួន ព្រោះពុំទាន់ផុតរយៈពេលស៊ើបអង្កេត ៧ថ្ងៃ ! តើឯកឧត្តម មានយោបល់បែបណាចំពោះបញ្ហានេះ?
ឯកឧត្តម គឹម សន្តិភាព៖ ខ្ញុំសូមជម្រាបជូនថា វិធានទាក់ទងនឹងការស៊ើបអង្កេតករណី បទល្មើសជាក់ស្តែង បានផ្តល់ សិទ្ធិអំណាច មុតស្រួចដល់នគរបាលយុត្តិធម៌ ហើយថិរវេលានៃការស៊ើបអង្កេតបទល្មើសជាក់ស្តែងមិនលើសពី៧ ថ្ងៃ គិតពីថ្ងៃប្រព្រឹត្តិបទល្មើស ។ ក្នុងដំណើររឿងរបស់ឯកឧត្តម កឹម សុខា នគរបាលយុត្តិធម៌ បានអនុវត្តនីតិវិធីស៊ើបអង្កេតនៃបទល្មើសជាក់ស្តែងភ្លាម នៅពេលបទល្មើសជាក់ស្តែងមួយកើតឡើងគឺពេលដែលឯកឧត្តម កឹម សុខា ខកខានមិនបានចូលខ្លួនជាលើកទី២ តាមកាលបរិច្ឆេទក្នុងដីកាកោះរបស់អយ្យការក្នុងនាមជាសាក្សី ។ តាមព័ត៌មានដែលខ្ញុំទទួលបាន គឺសំណុំរឿងនេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់ រួចហើយក្នុងបទល្មើសជាក់ស្តែងពីបទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ និងបានធ្វើសេចក្តីរាយការណ៍ជូនទៅរដ្ឋសភាអំពីការចោទប្រកាន់នេះ ដែលនេះគឺជាការអនុវត្តន៍យ៉ាងត្រឹមត្រូវ ស្របតាមមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ និងមាត្រា១២ ច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ។
ហេតុដូចនេះ ដំណាក់កាលស៊ើបអង្កេតបទល្មើសជាក់ស្តែងត្រូវបានបញ្ចប់ ត្រឹមពេលដែលមានការចោទប្រកាន់របស់អយ្យការ ដូច្នេះលែងមានទំនាក់ទំនង នឹងថេរវេលាស៊ើបអង្កេតបទល្មើសជាក់ស្តែង៧ថ្ងៃនោះទៀតហើយ ។ ជំហានបន្ទាប់គឺជាដំណាក់កាល ស៊ើបសួររបស់ចៅក្រមស៊ើបសួរ ។
ចៅក្រមស៊ើបសួរនឹងបន្តចំណាត់ការស៊ើបសួររបស់ខ្លួនជាបន្តបន្ទាប់ទៀតស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ។
បើយើងពិនិត្យតាមទិដ្ឋភាពច្បាប់ “បទបដិសេធក្នុងការចូលខ្លួន” មាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា កំរិតផ្តន្ទាទោសដាក់ពន្ធនាគារគឺពី១ខែ ទៅ៦ខែ ហេតុដូច្នេះមិនអាចមានការឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទបានទេក្នុងបទល្មើសនេះ ព្រោះតាមមាត្រា ២០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានកំណត់ថា ការឃុំខ្លួនបណ្តោះអាសន្នអាចអនុវត្តបានតែក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលច្បាប់កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើរ ឬលើសពី ១ឆ្នាំ ។ ជាទូទៅចៅក្រមស៊ើបសួរនឹងចេញដីកាចាប់ខ្លួន ក្នុងករណីដែលឃុំខ្លួនបាន ។
សំណួរ៖ តាមរយៈសេចក្តីថ្លែងការណ៍របស់សមាជិកសភាគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែឧសភានេះបានបញ្ជាក់ថា ការមិនចូលបំភ្លឺរបស់សាក្សីនេះ មិនមែនជាបទល្មើសជាក់ស្តែងឡើយ តែជាបទល្មើសអកម្ម តើឯកឧត្តម យល់ដូចម្តេច?
ឯកឧត្តម គឹម សន្តិភាព៖ មាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មិនមានបែងចែងបទល្មើសសកម្ម ឬអកម្មនោះទេ។ គ្រប់បទល្មើសដែលជាបទមជ្ឃឹម ឬបទឧក្រិដ្ឋ ដែលចូលក្នុងកាលៈទេសៈណាមួយដែលមានចែងក្នុងមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានចាត់ទុកជាបទល្មើសជាក់ស្តែង៕