សៀវភៅកម្រងឯកសារវត្ថុបុរាណមួយក្បាលដ៏មានសារៈសំខាន់ត្រូវបានសម្តេចពិជ័យសេនាប្រគល់ជូនដល់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ នៅសារមន្ទីរអភិរក្សដ្ឋានអង្គខេត្តសៀមរាប


នៅចុងសប្តាហ៍ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប បាននាំយកនូវសៀវភៅកម្រងឯកសារស្តីពីវត្ថុបុរាណ សិល្បៈខ្មែរ ដ៏កម្រ ដែលទទួលបានពីសារមន្ទីរ ហ្គីមេ (GUIMET ) នៃសាធារណរដ្ឋបារាំង ទៅប្រគល់ជូនដល់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ នៅសារមន្ទីរអភិរក្សដ្ឋានអង្គខេត្តសៀមរាប ។

ក្នុងពិធីប្រគល់នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សៀវភៅកម្រងឯកសារមួយក្បាលនេះ មានសារៈសំខាន់នៃសម្បត្តិវប្បធម៌បុរាណខ្មែរយើង ដែលបានបាត់បង់នាសម័យដើម ដោយសារសង្គ្រាមរាំងជុល ការជីកកកាយរបស់ក្រុមទុច្ចរិក ឬ ដោយគ្រោះធម្មជាតិ ហើយត្រូវបានសារមន្ទីរហ្គីមេ (GUIMET ) នៃសាធារណរដ្ឋ បារាំង បានធ្វើការចងក្រងទុកជាឯកសារ ក្នុងសិក្សាស្រាវជ្រាវ និង ស្វែងរកនូវវត្ថុបុរាណដែលបានបាត់បង់ទាំងនោះ ដែលជាសម្បត្តិរបស់មនុស្សជាតិ ដែលបានបាត់បង់ពីប្រាង្គប្រាសាទនានានៅកម្ពុជា នាសម័យនោះ ក៏ដូចបច្ចុប្បន្ន នេះផងដែរ ។

សម្តេចពិជ័យសេនា ក៏បានបន្តទៀតថា សៀវភៅឯកសារនេះ គឺបានបង្ហាញអំពីវប្បធម៌សិល្បៈខ្មែរ ប្រពៃណី ដែលខ្មែរយើងបានគោរពប្រតិបត្តិដែលមានជាយូរលង់មកហើយ ។ ម៉្យាងទៀតសៀវភៅនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមជំនាញអភិរក្សដ្ឋានអង្គរយើងធ្វើការសិក្សាស្រាវជ្រាវ ក្នុងការថែរក្សា អភិរក្ស នូវរូបចន្លាក់ទាំងឡាយដែលបានខូចបាក់បែក ដើមី្បធ្វើការជួសជុល និង អភិរក្សឡើងវិញ នូវរាល់វត្ថុទាំងឡាយដែលបានបាត់បង់ទៅធ្វើឲ្យមានឡើងវិញ នូវរាល់រូបសំណាកទាំងនោះ សម្រាប់កូនចៅខ្មែរយើងជំនាន់ក្រោយបានស្គាល់អំពីសម្បត្តិ វប្បធម៌ជាតិ ព្រមទាំងធ្វើការជួសជុល និង ព្យាបាលរាល់រូបសំណាកដែលមានជម្ងឺពុកផុយ ក្នុងការរក្សាឲ្យបានគង់វង្សផងដែរ ។

សម្តេចពិជ័យសេនា ក៏បានផ្តាំផ្ញើដល់លោកប្រធាននាយកដ្ឋាន សូមឲ្យយកកម្រងឯកសារនេះ ទៅ ធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលដល់មន្ត្រីក្រោមឱវាទ ក៏ដូចនៅតាមសាលារៀន សាកលវិទ្យាល័យ និង ប្រជាពលរដ្ឋឲ្យបានស្គាល់បានយល់អំពីតម្លៃនៃសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរយើង ក្នុងការទប់ស្កាត់ការហូរចូលពីវប្បធម៌ ប្រពៃណីបរទេសផងដែរ ។

ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការបូជាទៀន ធូក ចំពោះព្រះបដិមាករដ៏ស័ក្តិ សិទ្ធិ បារមីព្រះអង្គគោកធ្លក តាដំបងដែក រួមទាំងបារមីដ៏ខ្លាំងពូកែនៅថែរក្សាលើទឹកដីប្រវត្តិសាស្ត្រអង្គរ តាមជួយបីបាច់ថែរក្សាការពារថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់ និង ប្រជានុរាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា សំខាន់ប្រជាពលរដ្ឋខេត្តសៀមរាប ជួបតែសេចក្តីសុខក្រោមដំបូលសុខសន្តិភាពតែមួយឲ្យស្ថិតស្ថេរគង់វង្សទៅអនាគត ក្នុងការដឹកនាំនាវាកម្ពុជា ឲ្យមានការអភិវឌ្ឍន៍ដូចបណ្តាប្រទេសជឿនលឿននៅលើសកលលោកផងដែរ ។

តាមការបញ្ជាក់របស់លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានឲ្យដឹង ថា រូបចន្លាក់ និង បដិមាករបុរាណទាំងនេះ ត្រូវបានប្រមូលយកមកពីបណ្តាប្រាសាទ និង ទីវត្តអារាមមួយចំនួន រួមទាំងកម្លាំងសមត្ថកិច្ចច្បាប់បានពីក្រុមជនទុច្ចរិក យកមករក្សាទុកនូវសារមន្ទីរអភិរក្សដ្ឋានអង្គរនេះ ។ លោកក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៣៦ ដល់១៩៤៣ នាសម័យអាណានិគមបារាំង សារមន្ទីរមាននៅមុខប្រាសាទអង្គរវត្ត តែក្រោយមក ទើបមកសាងសង់នៅក្នុងភូមិទ្រាំង រហូតមកដល់បច្ចុប្បន្ននេះ ។ លោកបានបន្តទៀតថា ការទទួល សៀវភៅកម្រងឯកសារនេះ គឺជាសារៈសំខាន់សម្រាប់មន្ត្រីអភិរក្ស ក្នុងការសិក្សាស្រាវជ្រាវ និង អភិរក្សឡើងវិញនូវរាល់វត្ថុបុរាណខ្មែរយើងបានបាត់បង់ទៅ ដើមី្បបង្ហាញដល់កូនខ្មែរយើងជំនាន់ក្រោយ ឲ្យបានស្គាល់ បានយល់អំពីសម្បត្តិ វប្បធម៌ ប្រពៃណីជាតិខ្លួន ដែលមានជាច្រើនតំណតរៀងមក ព្រមទាំងរួមគ្នាថែរក្សា ការពារ អភិរក្សនូវសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាសម្បត្តិរបស់មនុស្សជាតិលើពិភពលោកផងដែរ ៕