សម្តេចភក្តី សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឃុន ឈី


ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឃុន ឈី ដែលបានទទួលមរណៈភាពក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង១២:៥០នាទី ព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។ សពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនានៅផ្ទះលេខ TJ 34 ផ្លូវសាកូរ៉ា បុរីអរគីដេ ផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឯកឧត្តម ឃុន ឈី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ជាអតីតអ្នកតស៊ូ តាំងពីឆ្នាំ១៩៥០មក ហើយ ឯកឧត្តម ក៏ជាអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ ក្នុងសម័យ សាធារណរដ្ឋប្រជាមានិតកម្ពុជាផងដែរ។ ការទទួលមរណភាពរបស់ ឯកឧត្តម ឃុន ឈី គឺជាការបាត់បង់ស្វាមីបិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់វីរៈកុលបុត្រខ្មែរ១រូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការការពារកសាង និងបម្រើប្រទេសជាតិរហូតអស់មួយជីវិត
សូមអោយដួងវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឃុន ឈី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕