សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយ លោក ហូ ហៅវ៉ា អតីតប្រធាននៃរដ្ឋបាលពិសេសទីក្រុងម៉ាកាវ និងជាអនុសភានយោបាយចិនចូលជួបពិភាក្សាការងារនៅវិមានរដ្ឋសភា


យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នេះ          បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ហូ ហៅវ៉ា (Ho Hou Wah ) អតីតប្រធាននៃរដ្ឋបាលពិសេសទីក្រុងម៉ាកាវ និងជាអនុសភានយោបាយចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។
លោក ហូ ហៅវ៉ា ក៏បានគោរពជម្រាបជូនសម្ដេចតេជោអំពីវត្តមានរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជាពេលនេះ គឺដើម្បីចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ដែលឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ទីក្រុងម៉ាកាវកាលពីខែតុលា ឆ្នាំ២ ០១៥កន្លងទៅនេះ និងម្យ៉ាងទៀតគឺមកចូលរួមសិក្ខាសាលានិងស្វែងយល់ពីសក្តានុពលវិនិយោគនៅ កម្ពុជាជាមួយសហគ្រិនវ័យក្មេងជាង១០០នាក់ពីម៉ាកាវ តបតាមការអំពាវនាវរបស់សម្ដេចតេជោ។ ទន្ទឹមនឹងនេះ គឺដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងទីក្រុងម៉ាកាវឲ្យកាន់តែប្រសើរឡើង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ហូ ហៅវ៉ា និងគណៈប្រតិភូ ហើយសម្តេចបានជំរុញឲ្យអ្នកវិនិយោគម៉ាកាវ មកស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា ព្រោះប្រទេសយើងមានសក្ដានុពលច្រើនក្នុងនោះដូចជា ទេសចរណ៍ និង កសិកម្មជាដើម។ ជាជំហរគឺកម្ពុជា-ចិនបានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយឡើងដល់ ៥ ពាន់លាន ដុល្លារនៅឆ្នាំ ២០១៧។
សម្តេចតេជោ ក៏បានជំរុញឲ្យមានជើងហោះហើរត្រង់ពីម៉ាកាវមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនផងដែរ ហើយជាពិសេសសម្តេចតេជោ បានស្នើឲ្យម៉ាកាវទិញកសិផលពីកម្ពុជា ជាពិសេសអង្ករ ហើយយកប្រទេសកម្ពុជាធ្វើជាកន្លែងឃ្លាំងកែច្នៃរក្សាទុកអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទៅប្រទេសមួយចំនួនដែលទទួលជំនួយស្បៀងពីមិត្តចិន។
លោក ហូ ហៅវ៉ា ពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់សម្តេចតេជោ លោកនឹងយកទៅពិភាក្សានៅម៉ាកាវ។
បច្ចុប្បន្ននេះចិនបានក្លាយជាប្រទេសទីមួយ ដែលមានការវិនិយោគធំជាងគេ ផ្តល់ជំនួយធំជាងគេ និងមានទេសចរណ៍ចិនច្រើនជាងគេ។ ឆ្លៀតក្នុងឱកាសនោះ      សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ លោក ហូ ហៅវ៉ា ចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើនៅកម្ពុជាឆ្នាំក្រោយនេះ៕

HUN SEN 2-6-2016 (1)

HUN SEN 2-6-2016 (4)

HUN SEN 2-6-2016 (5)

HUN SEN 2-6-2016 (2)