ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយគណៈប្រតិភូ KOICA អំពីការដឹកជញ្ជូនតាមផ្លូវទឹកពីភ្នំពេញទៅក្រចេះ


នៅថ្ងៃចន្ទ ១២កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួប ពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។

ជំនួបនេះផ្តោតជាសំខាន់លើការសិក្សាលទ្ធភាពដែលកំពុងបន្តលើការធ្វើឱ្យប្រសើរឡើងដល់ផ្លូវទឹក សម្រាប់ការអភិវឌ្ឍភ័ស្តុភារកម្មកំពង់ផែ ការអភិវឌ្ឍកំពង់ផែទន្លេ ការកំណត់តំបន់កំពង់ផែ និង ជំនួយបច្ចេកទេស ដើម្បីស្វែងរកដំណោះស្រាយបង្កើនការដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញ នាំចូល។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យអង្គការKOICA សិក្សាលទ្ធភាពនៃការកំណត់តំបន់ កំពង់ផែសម្រាប់ការអភិវឌ្ឍកំពង់ផែផងដែរ។

ដោយពិនិត្យឃើញពីតម្រូវការកើនឡើងយ៉ាងឆាប់រហ័សលើការងារទាក់ទងនឹងសមុទ្រ ឯកឧត្តមទេសរដ្ឋ មន្ត្រី បានស្នើឱ្យភាគីកូរ៉េផ្តល់អ្នកជំនាញរយៈពេលយូរទាក់ទងនឹងការធ្វើឱ្យមានប្រព័ន្ធ និងបទបញ្ញត្តិច្បាប់ ស្តីពីអ៊ីដ្រូកក្រាហ្វិក(Hydrographic) និងសេវាមហាសមុទ្រ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានពិភាក្សាផងដែរអំពីការបាក់ច្រាំងទន្លេឋិតនៅចំនុចPK32ផ្លូវជាតិលេខ6A ដែលជាករណីសង្គ្រោះបន្ទាន់មួយកំពុងបង្កផលប៉ះពាល់ដល់សកម្មភាពសង្គម និងសេដ្ឋ កិច្ច និងបានស្នើឱ្យភាគីកូរ៉េផ្តល់ជំនួយដល់ការសាង់សង់ជម្រាលការពារច្រាំងទន្លេកុំឱ្យបាក់បន្តទៀត។

គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានធ្វើការកត់សម្គាល់អំពីបញ្ហានានា និងសំណើ ដែលបានលើកឡើងដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយបានសន្យាពិភាក្សាលម្អិតបន្ថែមទៀតលើបញ្ហា និងគំនិតផ្តួចផ្តើមទាំងនេះជាមួយក្រសួង។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម ឥតឈប់ឈររបស់ខ្លួនក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។