ពិនិត្យលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស កម្ពុជាជប៉ុន ក្នុងវិស័យប្រព័ន្ធទឹកកខ្វក់ និង អនាម័យ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ


ថ្ងៃច័ន្ទ ១២កើត ខែផល្គុន ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ បានដឹកនាំ កិច្ចប្រជុំទ្វេភាគីលើកទី២ ផ្តោតសំខាន់លើប្រធានបទមួយគឺ “ពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុង វិស័យប្រព័ន្ធទឹកកខ្វក់ និង អនាម័យ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ” ក្រោយពីមានការចុះអនុសារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និង ដឹកជញ្ជូន ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) កាលពីខែកុម្ភៈឆ្នាំ២០១៧ ។

កិច្ចប្រជុំទ្វេភាគីដឹកនាំ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និង លោក ម៉ាកូតូ ម៉ាហ្សឹបារ៉ា (Mr. Makoto Matsubara) ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ឋលូទឹកកខ្វក់ និងមានការចូលរួមពីតំណាងមកពីស្ថានទូតជប៉ុន តំណាង JICA ប្រចាំនៅកម្ពុជា តំណាងមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) តំណាងពីទីក្រុងគីតាគ្យូហ្សឹ (Kitakyushu) តំណាងពីក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ តំណាងពីអគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានសំណង់ប្រព័ន្ឋចម្រោះទឹកកខ្វក់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ឋសាធារណៈ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និង មន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ឋ ។

ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សហសវត្ស៍កម្ពុជា ឆ្នាំ២០២៥ ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ ការរៀបចំគ្រប់គ្រង បណ្តាញលូទឹកសំណល់ ប្រព័ន្ធបង្ហូរទឹក អនាម័យ និង សំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់គឺជាកិច្ចការយ៉ាងសំខាន់ដែលយើងត្រូវធ្វើរួមគ្នា ក្នុងការលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ បរិស្ថាន ថែរក្សាលំនឹង និង បង្កើនសេដ្ឋកិច្ចនៅក្នុងប្រទេសនីមួយៗ និងសកលផងដែរសម្រេចអោយបាន “គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) មុនឆ្នាំ២០៣០” ក្រសួងសាធារណការនិងដឹកជញ្ជូន និង សាលារាជធានីភ្នំពេញបានស្នើនូវគម្រោងជំនួយសហប្រតិបត្តិការបច្ចេកទេស (TCP) កម្រឹតជាតិ និង កម្រឹតថ្នាក់ក្រោមជាតិទាក់ទងនឹងការរៀបចំគោលនយោបាយ បទដ្ឋានបច្ចេកទេស ផែនការមេ យុទ្ឋសាស្រ្ត និង ពង្រឹងស្ថាប័នជំនាញទាក់ទងនឹងវិស័យទឹកកខ្វក់។

ជាការឆ្លើយតបរដ្ឋាភិបាលជប៉ុនបានឯកភាពនូវសំណើ និង ចាត់បញ្ជូនអ្នកជំនាញមកសិក្សាលម្អឹតក្នុងខែមិថុនា ឆ្នាំ២០១៨ និងរៀបចំរចនាសម្ព័ន្ឋគ្រប់គ្រងគម្រោង។