ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ប្រជាជនកម្ពុជារង់ចាំមើល អង្គការមិនមែនរដ្ឋាភិបាល និងក្រុមអ្នកវិភាគមិនឯករាជ្យមួយចំនួន


ភ្នំពេញ៖ ស្របពេលដែល អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី រ៉ូណាស្មីតមកដល់កម្ពុជានៅថ្ងៃ ទី ៥ ខែ មីនា ឆ្នាំ ២០១៨នេះ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជារង់ចាំមើល អង្គការមិនមែនរដ្ឋាភិបាល និងក្រុមអ្នកវិភាគមិនឯករាជ្យមួយចំនួន នឹងរាយការណ៍មួលបង្កាច់ រាជរដ្ឋាភិបាលយ៉ាងណាខ្លះ ជូនលោកស្រី  រ៉ូណាស្មីត ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈបណ្ដាញ សង្គមតេលេក្រាម នៅថ្ងៃទី៥មីនានេះថា “ការមកដល់របស់លោកស្រី រ៉ណា ស្មីត  គឺជាឱកាសដ៏ល្អ សម្រាប់ ក្រុមជនដែលហៅថា ជាសកម្មជនសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួន ដែលត្រៀមនិងប្រុងជើង ការពិតទូលដល់លោកស្រី ពីសភាពការណ៏សិទ្ធិមនុស្ស ជាបុរេវិនិច្ឆ័យថា មានលក្ខណៈតូចចង្អៀត ដូចជា ការចាប់ខ្លួនអ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី ២នាក់ ការចាប់ខ្លួនអតីតមេបក្សប្រឆាំង ការរំលាយចោលអតីតបក្សប្រឆាំង ការបិទការផ្សាយ កាសែតឌឹខាំបូឌី យ៉ាដេលី ការបិទការផ្សាយវិទ្យុ ក្នុងស្រុកមួយចំនួន។ ដោយមិននិយាយពីអំពើ ប្រព្រឹត្តល្មើសច្បាប់ របស់អង្គភាព និងបុគ្គល ទាំងនោះឡើយ ដើម្បីឆ្លៀតរំលេចឲ្យឃើញ ពីកំហុសរបស់រាជរដ្ឋាភិបាល ដែលកំពុងដើរតាមគន្លង លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ នោះ “។

ឯកឧត្តម បានលើកឡើងបន្ថែមថា” ប្រជាជនកម្ពុជារង់ចាំមើល តើពួកអង្គការមិនមែនរដ្ឋាភិបាល និងក្រុមជនវិភាគមិនឯករាជ្យមួយចំនួននោះ នឹងរាយការណ៏មួលបង្កាច់ រាជរដ្ឋាភិបាលយ៉ាងណាខ្លះ ជូនលោកស្រី  រ៉ូ ណាស្មីត? ពេលនោះនឹងឃើញពីជំហរ អព្យាក្រឹត្យឬមិនអព្យាក្រឹត្យ របស់អស់លោកទាំងនោះជាមិនខាន” ។

សូមរំលឹកថា អ្នក​រាយការណ៍​ពិសេស​ ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស ​នៅ​ប្រទេស​កម្ពុជាលោក​ស្រី​ រ៉ូណា​ ស្មីត នឹង​មក​បំពេញទស្សនកិច្ច នៅ​កម្ពុជា​ចាប់ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១៤ ខែ​មីនា៕