ពិធីបុណ្យសម្ពោធសមិទ្ធិផលនានាក្នុងពុទ្ធសីមាវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី


អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានាក្នុងពុទ្ធសីមាវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកតា លោកយាយ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលនានាក្នុងវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលដាក់សម្ពោធនាពេលនេះ គឺជាការចូលរួមចំណែករបស់ពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើន។ ឯកឧត្តម បន្ថែមថា ការរីកចម្រើនក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេស ដោយឡែក ខេត្តមណ្ឌលគិរីទាំងមូល ក្រោយពីការបំផ្លិចបំផ្លាញក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែនិង២០ថ្ងៃ ហើយដល់ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រជាជនទាំងមូល មានសុខសន្តិភាព ហើយធ្វើឲ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងក្នុងការធ្វើបុណ្យ។ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារសន្តិភាពនេះឲ្យបានល្អ និងចូលរួមថែរក្សាសមិទ្ធិផលនានាក្នុងវត្តសែនមនោរម្យឲ្យបានល្អប្រសើរ សម្រាប់ទុកជាទីកន្លែងសក្ការៈផងដែរ។
ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី លោក ទូចរស្មី បានបញ្ជាក់ថា វត្តសែនមនោរម្យ ស្ថិតនៅ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី វត្តនេះកើតឡើង ក្នុងអំឡុងឆ្នាំ១៩៦៦ ផ្តួចផ្តើមលោក ខៀវ ប៊ុន ចៅ ហ្វាយខេត្តជំនាន់នោះ បានកសាងសាឡំ ១ខ្នង កុដ ១ខ្នង និងគ្រិះព្រះវិហារ១ខ្នង។ នៅឆ្នាំ១៩៧០ ដល់ ១៩៧៥ ប្រទេសជាតិកើតសង្គ្រាម វត្តសែនមនោរម្យទាំងមូល ត្រូវបានបែកខ្ទេចខ្ទី គ្មានសល់ មកដល់ឆ្នាំ១៩៧៩ ក្រោមការដឹកនាំ របស់រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា វិស័យព្រះពុទ្ធសាសនាត្រូវបានរស់ឡើងវិញ។ ដល់ឆ្នាំ១៩៨៦ វត្តអារាម ត្រូវបានបង្កើតឡើងវិញ នាំគ្នាកសាងសាលាបុណ្យ១ខ្នង ធ្វើអំពីឈើ ប្រក់ស្បូវ និងកុដឈើ១ខ្នង ប្រក់ស្បូវ មកដល់ឆ្នាំ១៩៨៩ ដល់២០០២ បន្តកសាង កុដ១ខ្នងទៀត ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងឬស្សី នៅឆ្នាំ២០១៦ បន្តកសាងបង្ហើយ ឧបដ្ឋានសាលា និង ទទួលម៉ាស៊ីនភ្លើង១គ្រឿង ជាអំណោយឯកឧត្តម អ៊ឹម ឈុនលឹម ទីបច្ឆា១ អំណោយឯកឧត្តម កែវ ឡា សាលាពុទ្ធិកៈ១ខ្នង ៣បន្ទប់ ជាព្រះរាជអំណោយសម្តេចឪ សម្តេចម៉ែ អណ្តូងទឹក៣ ម៉ាស៊ីនភ្លើង១គ្រឿង ជាអំណោយព្រះតេជគណ ទេព កុសល និងពុទ្ធនបរិស័ទនៅសហរដ្ឋអាមេរិច ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១១ ក្រោមការគ្រប់គ្រង់បន្តព្រះតេជគណ សៅ យ៉ាន បានជួសជុលដំបូលព្រះវិហារ ធ្វើក្លោងទ្វារ របងបេតុង ជុំវិញវត្តជាអំណោយឯកឧត្តម អ៊ឹម ឈុនលឹម ព្រមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ និងកសាងសាលាគណ ១ខ្នង កំពស់៣ជាន់ លោកជំទាវ អៀង រិទ្ធី និងពុទ្ធបរិស័ទជិកឆ្ងាយ និងកសាងអណ្តូងទឹក១ ចាក់បេតុងផ្លូវ ចូលវត្ត ចាក់សាបក្នុងទីធ្លាបច្ឆា និងទីធ្លាបរិវេណវត្ត កសាងក្លោងទ្វារចំនួន២ បង្គោលភ្លើងចំនួន៤២ដើម ចម្លាក់រូបកីន្នចំនួន២៨រូប ចម្លាក់គុជសារ គុជសីចំនួន២ និងដាំដើមឈើក្នុងទីធ្លាចំនួន៧០០ដើមផងដែរ។

នាឪកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឧបត្ថម្ភដល់លោកតា លោកយាយ ចំនួន១០០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ០៥នាក់ ម្នាក់ៗ ថវិកា២ម៉ឺនរៀល និងសិស្សានុសិស្ស១៥០នាក់ ម្នាក់ៗ ទទួលបានប៊ិច សៀវភៅ និងថវិកា៥ពាន់រៀល ព្រះសង្ឃចំនួន០៧អង្គ ក្នុងមួយអង្គថវិកា១០ម៉ឺនរៀល និងប្រគេនបច្ច័យចំនួន១០លានរៀល ដល់វត្តសែនមនោរម្យ និងធ្វើពិធីរាប់បាតប្រគេនព្រះសង្ឃចំនួន១០០អង្គផងដែរ។