ពិធីខួបលើកទី១០៧ ទិវានារីអន្តរជាតិ ក្រោមប្រធានបទ៖ “ស្ត្រីរួមគ្នារក្សា សន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” នៅស្រុកកោះធំ


នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះធំ បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីខួបលើកទី១០៧ ទិវានារីអន្តរជាតិ ក្រោមប្រធានបទ៖ “ស្ត្រីរួមគ្នារក្សា សន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ដោយមានការអញ្ជើញចូលរួមពីអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកទទួលបន្ទុកការងារស្រ្តី និងសមាជិក សមាជិកាទាំងអស់ នៅទីស្នាក់ការស្រុកកោះធំ ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញពីជំហរគាំទ្រប្រធានបទ “ស្រ្តីរួមគ្នារក្សា សន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” ដោយាសារស្រី្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើន ដែលក្នុងនោះស្រ្តីមិនត្រឹមតែជាមេផ្ទះដ៏ល្អ ថែមទាំងជាអ្នកដឹកនាំដ៏ឆ្នើមផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកតម្កើងស្រ្តី ឲ្យចូលរួមលើគ្រប់វិស័យ រួមទាំងការងារសង្គមផងដែរ។ បន្ថែមពីលើនេះ រដ្ឋាភិបាលបានផ្តល់ជាថវិកា ៤០ ម៉ឺនរៀល សម្រាប់ស្ត្រីឆ្លងទន្លេ និងកំណត់គោលការណ៍ផ្តល់ប្រាក់ខែ ១២០% ក្នុងកំឡុងពេលលំហែមាតុភាព។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកអំណោយ និងថវិកាមួយចំនួនជូនស្ត្រីទាំងអស់ និងបានសំណូមដល់ស្ត្រីឲ្យខិតខំពង្រឹងសមត្ថភាពបន្ថែម ដូចជាបច្ចេកវិទ្យា ភាសាអង់គ្លេស ការសិក្សាពហុជំនាញ និងភាពជាអ្នកដឹកនាំដើម្បីបង្កើនឱកាសកែលំអរផ្នត់គំនិតសង្គម ឲ្យកាន់តែប្រសើរឡើង និងបង្កើនការចូលរួមរបស់ស្រ្តីដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ ឱ្យសំបូររុងរឿងថែមទៀត។