វេទិកាសេដ្ឋកិច្ចអាស៊ាន ២ថ្ងៃបានបញ្ចប់


Eco Forum 03 06 16 2 copy

     វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន World Economic Forum on ASEAN បានបិទបញ្ចប់នៅរសៀលថ្ងៃទី២ ខែមិថុនា នេះហើយៗ ដំណើរទស្សនកិច្ចបន្តរបស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្ត ២ថ្ងៃទៀត តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ដាតុ អាប់ឌុល រ៉ាហ្សាក់

     ដំណើរទស្សនកិច្ច ២ថ្ងៃបន្ថែមទៀត របស់សម្តេចនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺជាដំណើរទស្សនកិច្ចលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជននិងប្រទេសទាំង២ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងជួបចរចាផ្លូវការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី… ហើយនាយករដ្ឋមន្ត្រីទាំង២ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនផងដែរ រួមមានៈ

     – អនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស

     – អនុស្សរណៈយោគយល់ ស្តីពីកម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិ ម៉ាយខ MYCORPS នៅកម្ពុជា

      Facebook របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានសរសេរបង្ហាញពីលទ្ធផលនៃ ដំណើរទស្សនកិច្ចចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដោយកម្ពុជាបានបង្កើនមិត្តភាព និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនានា ជាពិសេសលើវិស័យសេដ្ឋកិច្ចដែលជា សសៃឈាមក្នុងការអភិវឌ្ឍន៍ប្រទេស ។

     ក្នុងកម្មវិធីបិទវេទិការសៀលថ្ងៃទី២ ខែមិថុនានេះ កម្ពុជាបានផ្សព្វផ្សាយវីដេអូ អំពីកម្ពុជា និងសក្តានុពលរបស់ប្រទេសកម្ពុជា ជូនភ្ញៀវអន្តរជាតិទស្សនាផងដែរ ។ សម្តេចបានមានប្រសាសន៍ថា នៅក្នុងសហសវត្សថ្មីនេះ មិនថាតែកម្ពុជាទេ គឺប្រទេសនីមួយៗត្រូវការចែករំលែកបទពិសោធន៍ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យឆាប់រីកចម្រើនទៅមុខ ។ សម្តេចបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាពេលនេះ បានបង្ហាញឱ្យឃើញអំពីការរីកចម្រើនជាវិជ្ជមានទៅមុខ ។

     កម្ពុជានៅឆ្នាំ ២០១៧ ខាងមុខនេះ នឹងគ្រោងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងទាក់ទាញវិនិយោគទុន និងទេសចរណ៍អន្តរជាតិកាន់តែច្រើនឡើង ក្នុងការចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ។ សម្តេចបានមានប្រសាសន៍ថា ដើម្បីទាក់ទាញវិនិយោគទុនបរទេស មកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀតនោះ គឺកម្ពុជាត្រូវថែរក្សាស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសុខសន្តិភាព ។

Eco Forum 03 06 16 3 copy

Eco Forum 03 06 16 4 copy

Eco Forum 03 06 16 5 copy