អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំការស្រាវជ្រាវស្នាមមេដៃ


Signature 03 06 16 2 copy

     គណៈកម្មការមួយដើម្បីស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យស្នាមមេដៃ ដែលបានផ្តិតលើញតិ្តគណបក្សសង្គ្រោះជាតិ ថ្វាយព្រះមហាក្សត្រខ្មែរ ត្រូវបានបង្កើតឡើងហើយ នៅថ្ងៃទី២ ខែមិថុនានេះ ។ គណៈកម្មការនេះបានបង្កើតឡើងដោយក្រសួងមហាផ្ទៃ តាមប្រសាសន៍បញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក្រោយមានព្រឹត្តិការណ៍សង្ស័យថា មានស្នាមមេដៃបន្លំច្រើនម៉ឺនបានធ្វើក្នុងញ្ញត្តិទូលថ្វាយព្រះមហាក្សត្រ ក្នុងការរកព្រះរាជអន្តរាគមន៍ ។ ព្រះមហាក្សត្រដែលបានទទួលញ្ញត្តិជាមួយស្នាមមេដៃជាង ១៧ម៉ឺននាក់នោះ បានប្រគល់កិច្ចការពិនិត្យនេះ ជួនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន

     នៅក្នុងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខា ដោយ សម្តេចក្រឡាហោម ស ខេង បានសម្រេច បង្កើតគណៈកម្មការនេះដោយមាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជាប្រធាន ។ អនុប្រធាន ៣រូប រួមមានៈ អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿននាយឧត្តមសេនីយ៍ជាង ពៅ ប្រធានក្រុមប្រឹក្សានីតិកម្ម, នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និងមានសមាជិកជាច្រើននាក់ទៀត គឺ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ , លោកឧត្តមសេនីយទោ មួងសុធា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រួមទាំងស្នងការនគរបាលរាជធានីខេត្ត ។

     យោងតាមសេចក្តីសម្រេច គណៈកម្មការនេះ មានភារកិច្ចធ្វើកោសល្យវិច្ច័យស្នាមមេដៃ នៅលើញ្ញត្តិរបស់គណបក្សសង្គ្រោះជាតិ… ចុះស្រាវជ្រាវដោយផ្ទាល់ពីប្រជាពលរដ្ឋដែលបានផ្តិតមេដៃ… ចាត់វិធានការជំនាញផ្សេងទៀត តាមនិតិវិធីដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវស្នាមមេដៃ… និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ គួរកត់សម្គាល់ថា សេចក្តីរាយការណ៍សារព័ត៌មានមុននេះបាននិយាយថា ញ្ញត្តិដែលមានស្នាមមេដៃចំនួន ១៧ម៉ឺន ៣ពាន់ ១៨៤នាក់ ថ្វាយព្រះមហាក្សត្រ មានការក្លែងបន្លំយ៉ាងហោចចំនួនជាង ៤០ភាគរយ ។ សូមជំរាបមាត្រា៧ របស់រដ្ឋធម្មនុញ្ញបានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ។

Signature 03 06 16 3 copy  Signature 03 06 16 4 copy