ក្រសួងការបរទេសបំភ្លឺក្រុមការទូត ដែលខ្វល់នឹងចំណាត់ការតុលាការកម្ពុជា


Court 03 06 16 2 copy

     ក្រសួងការបរទេសកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី២ ខែមិថុនានេះ បង្ហាញការសោកស្តាយ នូវប្រតិកម្មពីសំណាក់ស្ថានបេសកម្មការទូតមួយចំនួន ក្នុងរាជធានីភ្នំពេញ ជុំវិញដំណើរការអនុវត្តន៍ និតិវិធីរបស់តុលាការកម្ពុជា ។

     សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្ម របស់សហភាពអឺរ៉ុប បានរិះគន់ការអនុវត្តន៍និតិវិធីតុលាការ លើប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលរងការចោទ «បដិសេធក្នុងការចូលខ្លួន» និងការឃុំខ្លួនបណ្តោះអាសន្នសកម្មជនសិទ្ធិមនុស្សមួយចំនួន ដែលពាក់ព័ន្ធនឹងបទសូកប៉ាន់សាក្សី ។

     សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ បានចោទថា មានការយាយីតាមផ្លូវតុលាការចំពោះមេដឹកនាំស្តីទី នៃគណបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិល… និងសហគមន៍អឺរ៉ុប បានស្នើឱ្យបញ្ឈប់កិច្ចការទាំងនេះ ។ សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស ក្នុងប្រតិកម្មតបបានសរសេរថា ប្រតិកម្មរិះគន់មកលើចំណាត់ការកម្ពុជា «គឺបានបង្ហាញឱ្យឃើញពីការមិនយល់ ឬការមិនចង់យល់ អំពីវិធាននៃការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនិតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា» ។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថាការសូកប៉ាន់សាក្សី ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ហើយជាពិសេសនៅក្នុងប្រទេសសមាជិកនៃសហភាពអឺរ៉ុប ។ ការផ្តន្ទាទោសនេះ ក៏មានដូចគ្នានៅប្រទេសកម្ពុជាដែរ ។

     ទាក់ទងនឹងបញ្ហា លោក កឹម សុខា នោះវិញ ក្រសួងការបរទេសបានសរសេរថា «ការបដិសេធមិនចូលខ្លួន មកឆ្លើយបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការ អាចត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសប្រជាធិបតេយ្យទាំងអស់ ជាពិសេសរដ្ឋសមាជិកទាំងអស់នៃសហភាពអឺរ៉ុប ។ នៅប្រទេសកម្ពុជាក៏មានដូចគ្នាយ៉ាងនេះដែរ ។ ក្រសួងការបរទេសកម្ពុជាបានបំភ្លឺតបវិញថា ដូច្នេះការលើកឡើងចោទថា មានការយាយីតាមផ្លូវតុលាការចំពោះអ្នកនយោបាយខ្លះ និងតំណាងអង្គការសង្គមស៊ីវិលនោះ គឺជាការមិនសមហេតុផលទាល់តែសោះ ។

     ក្រសួងការបរទេសបានបញ្ជាក់ក្នុងចំណុចចុងក្រោយ នៃសេចក្តីប្រកាសព័ត៌មាន ដោយចាត់ទុកប្រតិកម្មពីសំណាក់ស្ថានបេសកកម្មការទូតបរទេសមួយចំនួននោះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យមួយ ដែលគ្រាន់តែអនុវត្តវិធាន និងនិតិវិធីផ្លូវច្បាប់ និងតុលាការដូចគ្នា និងការអនុវត្តវិធាន និងនិតិវិធីផ្លូវច្បាប់ និងតុលាការរបស់រដ្ឋដែលជាម្ចាស់ប្រតិកម្មខាងលើនេះផងដែរ ។