សម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តី នៃប្រទេសទីម័រឡេស្តេ


បន្ទាប់ពីបានបញ្ចប់ពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន  រួចមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត រ៉ុយ ម៉ារៀ អារ៉ូចូ (Rui Maria de Araujo) នាយក រដ្ឋមន្រ្តី នៃប្រទេសទីម័រឡេស្តេ ខណៈដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
បើតាមប្រសាសន៍ឯកឧត្តម កៅ គឹមហួន ឲ្យដឹងថា គោលបំណង នៃជំនួបពិភាក្សាគ្នានេះ គឺដើម្បីផ្លាស់ប្តូរមតិជុំវិញ ការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ប្រទេសទាំងពីរកម្ពុជាទីម័រឡេស្តេ។  សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ មានការរីកចម្រើន កាន់តែខ្លាំងក្លាថែមទៀត បន្ទាប់ពីសម្តេចបានជួបជាមួយឯកអគ្គរដ្ឋទូត នៃប្រទេសទីម័រឡេស្តេ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ។
ឯកឧត្តម Rui Maria de Araujo មានប្រសាសន៍ ថ្លែងនូវអំណរគុណ ជូនចំពោះសម្តេចដែលបានទទួលជួបជាមួយឯកឧត្តម ដើម្បីបង្កើនការពិភាក្សាសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ដែរថា ឯកឧត្តមក៏ចង់ឃើញទំនាក់ទំនង នៃប្រទេសទាំងពីរមានការកើនឡើង ដូចអ្វីដែល សម្តេចមានប្រសាសន៍លើកឡើង។ ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា កន្លងមកប្រធានាធិបតី និងនាយករដ្ឋមន្រ្តី នៃប្រទេសទីម័រឡេស្តេ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមរយៈនេះ ឯកឧត្តមសូមអញ្ជើញសម្តេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការ  នៅប្រទេសទីម័រឡេស្តេក្នុងឆ្នាំ២០១៦នេះ។ ឯកឧត្តមក៏បានថ្លែងនូវអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលកន្លងមកតែងតែគាំទ្រ និងបន្តគាំទ្រនូវបេក្ខភាពរបស់ប្រទេសទីម័រឡេស្តេ ក្នុងការចូលជាសមាជិកទី១១ របស់អាស៊ាន។
សម្តេច តេជោមានប្រសាសន៍ថា កម្ពុជាចូលជាសមាជិកទី១០របស់អាស៊ាន ហើយបើប្រទេសទីម័រ ឡេស្តេចូលជាសមាជិកទី១១ គឺប្រៀបដូចជាបងប្អូន និងគ្នាក្នុងក្របខណ្ឌអាស៊ាន។ ក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំទាំងពីរក៏បានធ្វើការផ្លាស់ប្តូរមតិ និងពិភាក្សាគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តី ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ាន ដែលនឹងប្រារព្វធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៧ ក្នុងប្រទេសកម្ពុជា។
ឯកឧត្តម បានឆ្លើយតបទៅនឹងការអញ្ជើញរបស់សម្តេច នឹងអញ្ជើញមកចូលរួមវេទិកាសេដ្ឋ កិច្ចពិភពលោកលើកទី២៦ ស្តីពីអាស៊ានក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៧ខាងមុខ៕

HUN SEN B 3-6-2016 (2)

HUN SEN B 3-6-2016 (3)

HUN SEN B 3-6-2016 (6)

HUN SEN B 3-6-2016 (5)

HUN SEN B 3-6-2016 (4)