ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់កសិករ វន គឹមហ៊ាង

28670

នៅរសៀលថ្ងៃសុក្រ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់កសិករ វន គឹមហ៊ាង ដែលមានទីតាំងស្ថិតក្នុងភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សូមបញ្ជាក់ថា លោក វន គឹមហ៊ាង ធ្វើការចិញ្ចឹមជ្រូកតាមកិច្ចសន្យាជាមួយក្រុមហ៊ុនស៊ីភី បានរយៈពេល០១ឆ្នាំ លើផ្ទៃប្រមាណជាង ០២ហិកតា ដោយកសិដ្ឋានមានលទ្ធភាពចិញ្ចឹមនិងលក់បានក្នុងរង្វង់ ៤០០០ ទៅ ៤៥០០ក្បាលក្នុងមួយឆ្នាំ ហើយអាចរកប្រាក់ចំណូលជាមធ្យមបានប្រមាណ ៣០ ០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ តាមរយៈការអនុវត្តការចិញ្ចឹមតាមកិច្ចសន្យានេះ ក្រុមហ៊ុនស៊ីភី បានជួយគាំទ្រដល់កសិករនូវពូជជ្រូក ចំណី ការថែទាំ និងទីផ្សារ ដែលបានបង្កបរិយាកាសល្អប្រសើរចំពោះការចិញ្ចឹមរបស់កសិករ។

ដោយពិនិត្យឃើញបញ្ហាប្រឈមរបស់កសិករក្នុងការចំណាយថ្លៃដើមខ្ពស់លើការចិញ្ចឹម ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ លោក វន គឹមហ៊ាង រៀបចំលិខិតស្នើមកក្រសួង តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសុំការអន្តរាគមន៍បន្តទៅអាជ្ញាធរអគ្គិសនីកម្ពុជាក្នុងការបញ្ចុះថ្លៃអគ្គិសនីសម្រាប់កសិករ ស្របតាមអនុសាសដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការឱ្យបានជិតស្និទ្ធជាមួយកសិករ ក្នុងការសម្របសម្រួលរៀបចំលិខិតស្នើសុំនានាមកក្រសួង និងធ្វើការផ្សព្វផ្សាយដល់កសិករដទៃទៀតឱ្យបានទូលំទូលាយពីនីតិវិធីនៃការស្នើសុំបញ្ចុះតម្លៃអគ្គិសនី។

 28666

 28672

 28669

 28671

 28667