ACU ពិចារណាបណ្តឹងមួយទៀតលើ លោក កឹម សុខា


ACU 07 06 16 copy

     អង្គភាពប្រឆាំងនឹងអំពើពុករលួយ កំពុងពិចារណាការប្តឹងមួយ ដែលជាប់ទាក់ទងនឹងរឿង លោក កឹម សុខា ដែលគេសង្ស័យជាប់ពាក់ព័ន្ធនាំមនុស្សចេញទៅក្រៅប្រទេសដោយខុសច្បាប់ ។

     ស្ត្រីម្នាក់ដែលអះអាងថា ធ្លាប់ធ្វើជាម្តាយក្មេករបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងថា លោក កឹម សុខា និងមន្ត្រីមួយចំនួនក្នុងគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រព្រឹត្តក្នុងអំពើរត់ពន្ធមនុស្សចេញទៅក្រៅប្រទេស ដោយយកតម្លៃក្នុងមនុស្សម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិក ។ ការចោទប្រកាន់រឿងសង្ស័យរត់ពន្ធមនុស្សនេះ ធ្វើឡើងដោយ អ្នកស្រី សំ ផល្លា ដែលមានកូនស្រីឈ្មោះ កែវ សុវណ្ណារី ធ្លាប់អះអាងជាប្រពន្ធចុងរបស់ លោក កឹម សុខា… ហើយការចោទប្រកាន់នេះ បានធ្វើនៅថ្ងៃទី៦ ខែមិថុនានេះ គ្រាដែលអ្នកទាំង២ បានមកដល់អង្គភាពប្រឆាំងនឹងអំពើពុករលួយប្តឹង លោក កឹម សុខា ពីបទឆបោក និងរំលោភលើសេចក្តីទំនុកចិត្ត… និងបានបើកកកាយរឿងដែលជាប់ទាក់ទងនឹងអំពើរត់ពន្ធមនុស្ស ។

     ទោះជាយ៉ាងណាក៏ដោយ ភស្តុតាងនៃការចោទប្រកាន់ ឬសាក្សីនៃអំពើរត់ពន្ធមនុស្សនៅទីកន្លែងណាមួយនោះ គឺនៅមិនទាន់បានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ដែលប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងថា លោកនឹងពិចារណាចំពោះការប្តឹងនេះ ។ មន្ត្រីគណបក្សសង្គ្រោះជាតិ នៅមិនទាន់មានប្រតិកម្មចំពោះរឿងទាំងនេះទេ ។