រដ្ឋមន្ត្រីយុត្តិធម៌ ឡើងបំភ្លឺរឿងជាប់ទាក់ទងតុលាការ និងសិទ្ធិតំណាងរាស្ត្រ


Justic 07 06 16 copy

     រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា នឹងត្រូវឡើងទៅបំភ្លឺផ្ទាល់មាត់ជូនរដ្ឋសភា ជុំវិញការចង់ដឹងថា តើហេតុអ្វីបានជាតុលាការមានសិទ្ធិកោះហៅសមាជិកសភាទៅបំភ្លឺ បើទោះបីជាមានអភ័យឯកសិទ្ធិក៏ដោយ ។ មន្ត្រីរដ្ឋសភាបានបញ្ជាក់ថា ការអញ្ជើញឡើងបកស្រាយខ្លឹមសារច្បាប់នោះ នឹងធ្វើនៅថ្ងៃទី៩ ខែមិថុនា ខាងមុខនេះ ។

     ការឡើងទៅបំភ្លឺនៅរដ្ឋសភានេះ គឺក្រោយស្ថានការណ៍ដែលក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចេះតែយល់ថា តុលាការមិនអាចមានអំណាចកោះហៅអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិពិសេស ការពារខ្លួននោះឡើយ ។ ការឡើងទៅបំភ្លឺខ្លឹមសារច្បាប់នេះ គឺនៅបន្ទាប់ពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ត្រូវគេឃើញបានបន្តបដិសេធដីការបង្គាប់ខ្លួនតុលាការ ដែលបានកំណត់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៦ ។

     ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានប្រាប់អ្នកកាសែតថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមស្តាប់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា នៅរដ្ឋសភានាថ្ងៃទី៩ ខែមិថុនា ខាងមុខនេះឡើយ ។ មន្ត្រីគណបក្សសង្គ្រោះជាតិបានថ្លែងដោះសារថា គេរង់ចាំស្ថានភាពនយោបាយមានលក្ខណៈល្អប្រសើរនោះសិន ។