អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទស្សនកិច្ចកម្ពុជា


 US Afair 08 06 16 copy

    មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក គ្រោងនឹងបំពេញទស្សនកិច្ចកម្ពុជារយៈពេល ២ថ្ងៃ ដើម្បីបញ្ជាក់ការគាំទ្រអាមេរិក លើការទ្រទ្រង់កត្តាបរិស្ថានថែរក្សាព្រៃឈើ និងសត្វព្រៃ ។

     យោងតាមស្ថានទូតអាមេរិកដំណើររបស់ លោកស្រីអនុរដ្ឋលេខាធិការក្រសួងការបរទេស Catherine Novelli  នឹងផ្តោតលើការអនុវត្តច្បាប់ព្រៃឈើ និងសកម្មភាពដែលមានបំណងកាត់បន្ថយការបរបាញ់សត្វដោយខុសច្បាប់… ការជួញដូរសត្វព្រៃ និងការកាប់ឈើ ខុសច្បាប់ដើម្បីបញ្ជាក់ពីការគាំទ្រ របស់សហរដ្ឋអាមេរិក ក្នុងការការពារទីជំរកសត្វព្រៃ ដែលប្រឈមនឹងការហិនហោចព្រៃឈើ ។

     ដំណើរទស្សនកិច្ចនេះ នឹងមានរវាងពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែមិថុនាខាងមុខនេះ ។ លោកស្រី Catherine Novelli គឺជាអនុរដ្ឋលេខាធិការ ទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ចថាមពល និងបរិស្ថាន ដែលជាមន្រ្តីជាន់ខ្ពស់បំផុតផ្នែកសេដ្ឋកិច្ច នៅក្នុងក្រសួងការបរទេសអាមេរិក ។ នៅថ្ងៃទី៩ ខែមិថុនា លោកស្រីអនុរដ្ឋលេខាធិការនឹងទៅមើលតំបន់ជំរកសត្វព្រៃនៅព្រៃឡង់ ហើយជួបជាមួយនឹងក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ។

     លោកស្រី Catherine Novelli គ្រោងនឹងជួបផងដែរជាមួយប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមសុខ ចិន្តាសុភា និងរដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន ដើម្បីពិភាក្សាពីបញ្ហានានា ផ្នែកវិនិយោគនិងពាណិជ្ជកម្ម ។ លោកស្រីអនុរដ្ឋលេខាធិការ ក្រសួងការបរទេសអាមេរិក នឹងចូលរួមផងដែរក្នុងពិធីភោជនាហារពេលល្ងាច ជាមួយសហគ្រិនជាស្រ្តី ។

     និងនៅថ្ងៃទី ១០ ខែមិថុនា លោកស្រីអនុរដ្ឋលេខាធិការ Novelli នឹងចូលរួមក្នុងក្រុមពិភាក្សា ដើម្បីគូសបញ្ជាក់ពីនយោបាយស្ថាប័ន និងភាពជាដៃគូចាំបាច់សំរាប់កសាងសេដ្ឋកិច្ច ដែលមានវិស័យចំរុះច្រើន និងមានភាពជឿនលឿននៅកម្ពុជា ។ បន្ទាប់មក លោកស្រីនឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីមើលការជួសជុលប្រាសាទភ្នំបាក់ខែង និងប្រាសាទដទៃទៀត ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិក នៅក្នុងសួនឧទ្យានអង្គរ ។