ជប៉ុនចុះហត្ថលេខាផ្តល់ជំនួយឥតសំណងជិត ៣លានដល់កម្ពុជា


Japan Aids 09 06 16 2 copy

     ជប៉ុនចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងជិត ៣លានដុល្លារ ដល់កម្ពុជា ទាក់ទងការផ្តល់អាហារូបករណ៏ និងគំរោងជួសជុលស្ពានជ្រោយចង្វារ ។ ជំនួយឥតសំណងតម្លៃ ៣៣២លានយ៉េន ស្មើប្រមាណ ២លាន ៩សែនដុល្លាអាមេរិក នេះ បានចុះហត្ថលេខាប្រគល់ក្នុងកិច្ចព្រមព្រៀងមួយ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងការបរទេស រវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយនឹង ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម យូជី គូម៉ាម៉ារូ

     ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថាការចុះហត្ថលេខានៅថ្ងៃនេះ បានបង្ហាញឲ្យឃើញពីការបន្តគាំទ្រ និងជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងតម្រូវការ នៃការកែលំអសមត្ថភាពធនធានមនុស្ស ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។

     ឯកឧត្តម យូជី គូម៉ាម៉ារូ បានថ្លែងថា ជប៉ុនបាននឹងកំពុងបន្តផ្តល់ជំនួយអាហារូបករណ៏ តាំងពីឆ្នាំ ២០០០ មកម្លេះ ដែលមាននិស្សិតកម្ពុជាចំនួន ៣៤៤នាក់ បានទទួលអាហារូបករណ៏នេះ ទៅសិក្សានៅជប៉ុន ។