កងកម្លាំងរក្សាសន្តិភាពកម្ពុជា ៣០៩នាក់ បានវិលត្រលប់មកកម្ពុជាវិញនៅថ្ងៃនេះ ក្រោយការបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ រយៈពេល ១ឆ្នាំ នៅសាធារណៈរដ្ឋម៉ាលី ។ ពិធីស្វាគមន៍កងកម្លាំងរក្សាសន្តិភាពកម្ពុជាទាំង ៣០៩នាក់ បានប្រព្រឹត្តទៅយ៉ាងអ៊ឹកអធិក ក្រោមការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ឯកឧត្តម ទៀ បាញ់ បានថ្លែងអបអរចំពោះជោគជ័យ និងស្នាដៃរបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលទើបវិលត្រឡប់មកវិញនេះ ដោយចាត់ទុកថា គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត លើសមិទ្ធផលជាច្រើន ដែលកងកម្លាំងរក្សាសន្តិភាពកម្ពុជា សម្រេចបានកន្លងមក ដើម្បីបុព្វហេតុសន្តិភាពមនុស្សធម៌ នៅលើសកលលោក ដែលជាការឆ្លើយតបទៅនឹងការបេ្តជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ។
នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាអាចធ្វើទៅបាននាពេលនេះ គឺអាស្រ័យដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ ។
គួររំលឹកចាប់តាំងពីឆ្នាំ ២០០៦ រហូតមក រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានចំនួនជាង ២ពាន់នាក់ ហើយទៅកាន់ប្រទេសចំនួន៧ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី ឆាដ និងម៉ាលី ជាដើម ។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងរបស់កងទ័ពកម្ពុជាម្នាក់ ត្រូវបានគេរាយការណ៍ការ មានពលីជីវិតនាពេលថ្មីៗនេះ ក្នុងបុព្វហេតុការពារសន្តិភាពនៅក្រៅប្រទេសនោះ ។
ឯកឧត្តម ទៀ បាញ់ បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានឧបត្ថម្ភប្រាក់សំណងចំនួន ៧ម៉ឺន ៥ពាន់ដុល្លារ សហរដ្ឋអាមេរិក និងផ្តល់មេដាយជូនក្រុមគ្រួសារសពព្រិន្ទបាលទោ ចាន់ សំគុណ ដែលបានទទួលមរណភាព ពេលបំពេញបេសកកម្មអង្គការសហប្រជាជាតិ ។ ពិធីប្រគល់ប្រាក់ឧបត្ថម្ភសំណង និងទទួលមេដាយជូនដល់គ្រួសារសព បានធ្វើកាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៦ កន្លងមកនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នេះជាការលើកទឹកចិត្ត ដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ ។ ទទឹមនេះ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់កងកម្លាំងគ្រប់រូបផងដែរ ។