គណបក្សសង្គ្រោះជាតិជម្រុញរកការចរចា


CNRP 13 06 16 2 copy

    គណបក្សសង្គ្រោះជាតិ បានជម្រុញរកការជួបក្រុមការងារ រវាងគណបក្សទាំង២ ដែលការជម្រុញនេះ គឺនៅក្រោយព្រឹត្តិការណ៍ នៃមេដឹកនាំគណបក្សសង្គ្រោះជាតិ អួតអាងអំពីការជួយអន្តរាគមន៍ពីក្រៅប្រទេស ។

     មន្ត្រីគណបក្សសង្គ្រោះជាតិបានថ្លែង នៅថ្ងៃទី១០ ខែមិថុនា នេះថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រាប់អ្នកជួបប្រជុំតាមវីដេអូ Conference អួតអាងអំពីអ្វីដែលគេបានចាត់ទុកថា ជាសម្ពាងរបស់សហគមន៍អឺរ៉ុប និងជំហររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន អំពីបញ្ហានយោបាយនៅកម្ពុជា ។

     នៅជាមួយនឹងទម្ងន់ក្រៅប្រទេសទាំង២នេះ គណបក្សសង្គ្រោះជាតិ បានជម្រុញនៅថ្ងៃនេះទៀត ដើម្បីរកការជួបចរចាគ្នា ក្រុមការងារជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។ ការជម្រុញរកការជួបចរចានេះ គឺក្រោយពេលដែលគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យតាមរយៈអគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី៨ ខែមិថុនា ក្នុងការស្វែងចង់ជួបចរចា ទាក់ទងនឹងកត្តាវប្បធម៌សន្ទនា ប៉ុន្តែវប្បធម៌សន្ទនា ដាក់ចេញដោយគណបក្សសង្គ្រោះជាតិ ត្រូវមន្ត្រីគណបក្សប្រជាជនកម្ពុជា បានថ្លែងមុននេះថា គឺជារឿងបុគ្គលសុទ្ធសាធ ដែលប្រព្រឹត្តខុសនឹងច្បាប់ ។

     សេចក្តីរាយការណ៍បានឱ្យដឹងថា បើសិនជានឹងមានការជជែកគ្នាមែន គណបក្សសង្គ្រោះជាតិ គ្រោងនឹងលើកឡើងរកដំណោះស្រាយ ទាក់ទងបញ្ចៀសការស្វែងចាប់ខ្លួន លោក កឹម សុខា និងការស្នើរកការដោះលែងសកម្មជនសិទ្ធិមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងអំពើសូកប៉ាន់សាក្សី… ដែលប្រធានបទទាំងនេះ ត្រូវគណបក្សប្រជាជនកម្ពុជា បានថ្លែងមុននេះថា តាមពិតគឹជារឿងបុគ្គលសុទ្ធសាធ ដែលជាប់ទាក់ទងនឹងអំពើប្រព្រឹត្តខុសច្បាប់របស់បុគ្គលតែប៉ុណ្ណោះ ។

     ក្នុងសន្និសីទកាសែតនៅថ្ងៃទី១០ ខែមិថុនានេះ មន្ត្រីគណបក្សសង្គ្រោះជាតិ លោក កែវ ភីរម្យ បានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងបន្តស្វែងរកវិធីជួបគ្នា រវាងក្រុមបច្ចេកទេសនៃគណបក្សទាំង២… និងលោកបានបញ្ជាក់ជំហរដដែលទៀតថា គណបក្សសង្គ្រោះជាតិ នឹងមិនឱ្យ លោក កឹម សុខា ចូលទៅបំភ្លឺក្នុងតុលាការនៅថ្ងៃទី១៤ ខែមិថុនា នោះឡើយ ។