ក្រសួងការបរទេស ហៅសេចក្តីសម្រេចសភាអឺរ៉ុបថា មានស្តង់ដា២


     ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញការសោកស្តាយ តបចំពោះសេចក្តីសម្រចរបស់សភាអឺរ៉ុប និងចាត់ទុកថា សភាអឺរ៉ុប កំពុងអនុវត្តស្តង់ដារ២ ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា គឹនៅបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ចោទថា មានការយាយីតាមផ្លូវតុលាការ មកលើសមាជិក គណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស… និងសេចក្តីសម្រេចចិត្តដដែលនោះបានគំរាមផ្តាច់ ជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ចំពោះកម្ពុជាថែមទៀត ។

     ក្នុងប្រតិកម្មតបទៅវិញ ក្រសួងការបរទេសកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១២ ខែមិថុនា បានថ្លែងថា ឯកសារដែលអនុម័តដោយសភាអឺរ៉ុប បានផ្អែកលើព័ត៌មានមិនពិតជាច្រើន ។ ក្រសួងការបរទេសបានប្រាប់ទៅវិញថា អ្វីដែលកម្ពុជាបានសិក្សាពីប្រទេសអភិវឌ្ឍន៍ ការវិនិច្ឆ័យណាមួយអាចធ្វើទៅបាន ត្រូវផ្អែកលើការពិតជាក់ស្តែង និងការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដោយមិនមែនសំអាងលើប្រភពលំអៀង… ពាក្យចចាអារ៉ាម និងព័ត៌មានដែលមានលក្ខណៈបំភ័ន្តនយោបាយនោះឡើយ ។

     សេចក្តីថ្លែងការណ៍ក្រសួងការបរទេសដដែល បានរៀបរាប់យ៉ាងក្បោះក្បាយ តបទៅវិញនូវមូលហេតុដែលនាំអោយមានការអនុវត្តច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា លើករណីបុគ្គល សម រង្ស៊ី… លើករណី លោកហុង សុខហួរ… លើ លោក អ៊ុំ សំអាន… លើសកម្មជនសិទ្ធិមនុស្សនានា ដែលពាក់ព័ន្ធក្នុងរឿង លោក កឹម សុខា នៃបទឧក្រិដ្ឋសូកប៉ាន់សាក្សី ។ល។ ជាមួយនឹងមាត្រាច្បាប់ ដែលចែងការប្រឆាំងនឹងទង្វើខុសច្បាប់បុគ្គលទាំងនោះថែមទៀត។ ក្រសួងការបរទេសបានបញ្ជាក់ថា ប្រទេសដែលគោរពប្រជាធិបតេយ្យជា ពិសេសប្រទេសក្នុងសហភាពអឺរ៉ុប ក៏មានច្បាប់ផ្តន្ទាទោសដូចគ្នា នឹងកម្ពុជាផងដែរលើករណីទាំងនេះ ។

     ក្នុងករណីបំភ្លឺតបទាក់ទងនឹងកត្តាសេរីភាពបញ្ចេញមតិ សេចក្តីថ្លែងការណ៍៤ទំព័រ របស់ក្រសួងការបរទេស បានបញ្ជាក់វិញថា ចំពោះសេរីភាពនៃការបញ្ចេញមតិ រដ្ឋាភិបាលកម្ពុជាពុំយល់ថា សេរីភាពនៃការបញ្ចេញមតិ មានន័យថាជាសេរីភាពនៃការជេរប្រមាថ ឬការបញ្ចេញព័ត៌មានក្លែងក្លាយ ឬការបរិហារនរណាម្នាក់ឡើយ។ សិទ្ធិនៃការបញ្ចេញមតិ ពុំមែនជាសិទ្ធិភូតកុហក ឬបង្ខូចឈ្មោះនរណាម្នាក់នោះទេ… ដែលសូម្បីតែប្រទេសលោកខាងលិចទាំងអស់ ក៏មានច្បាប់ដាក់ទណ្ឌកម្មនៃការប្រព្រឹត្តបែបនោះផងដែរ ។

     សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅក្នុងចំណុចចុងក្រោយបានសរសេរថា ក្នុងឋានៈជារដ្ឋអធិបតេយ្យមួយ ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតក្រោមអភិបាលកិច្ចរបស់ស្ថាប័នបរទេសឡើយ ។ រាជរដ្ឋាភិបាល មិនទទួលយកការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង និងប្រឆាំងនឹងការច្បិចយកតែវិធីសាស្ត្រដែលមានលក្ខណៈរើសអើងនៅពេលយកបញ្ហាសិទ្ធិមនុស្សមកពិភាក្សា ឬយកករណីមួយចំនួនធ្វើជារឿងនយោបាយ ។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថា នេះជាការបង្ហាញអោយឃើញថា សភាអឺរ៉ុបកំពុងអនុវត្តស្តង់ដា២ ខណៈដែលតាមបណ្តាប្រទេសអឺរ៉ុប ក៏មានការអនុវត្តចំណាត់ការដូចគ្នានេះដែរ ស្របតាមគោលការណ៍និតិរដ្ឋ ។