ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យលោកជំទាវ LADAWAN WONGSRIWONG និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

30197

នារសៀលថ្ងៃអង្គារ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកជំទាវ LADAWAN WONGSRIWONG ជាអ្នកប្រឹក្សាយោបល់ថៃ ទាក់ទងនិងសេដ្ឋកិច្ច សង្គមក្នុងស្រុកនិងអន្តរជាតិ និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងដំណើរការនៃការនាំចេញវត្ថុធាតុដើមដំឡូងមី និងបញ្ហាពាក់ព័ន្ធមួយចំនួននៃការនាំចេញផលិតផលនេះកន្លងមក។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈលោកជំទាវ សូមថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលកន្លងមកតែងតែគាំទ្រផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលដំឡូងមី។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថាកម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួនប្រមាណជាង ៦០០ពាន់ហត និងទទួលបានទិន្នផលជាង ១៤លានតោន ក្នុងឆ្នាំ២០១៧។ ចំពោះការធ្វើពាណិជ្ជកម្មនាឆ្នាំកន្លងមកបានជួបបញ្ហាប្រឈមជាចំបងនោះគឺការបន្ទាបតម្លៃពីឈ្មួញ ធ្វើឲ្យផលិតផលដំឡូងមីមានការកកស្ទះគ្មានទីផ្សារ កសិករប្រឈមនិងការខាតបងយ៉ាងច្រើន ជាងនេះទៅទៀតដោយសារកម្ពុជានៅមិនទាន់មានហេដ្ឋារចនាសម័្ពន្ធ ឬលទ្ធភាពគ្រប់គ្រាន់ក្នុងការកែច្នៃ ធ្វើឲ្យទីផ្សារនិងតម្លៃនៃវត្ថុធាតុដើមនេះត្រូវរំពឹងទៅលើតែប្រទេសជិតខាង។ ដើម្បីដោះស្រាយបញ្ហានេះ ថ្មីៗនេះរាជរដ្ឋាភិបាលបានឯកភាពលើការវិនិយោគសាងសង់រោងចក្រកែច្នៃ ដំឡូងមីរបស់ក្រុមហ៊ុនមួយមកពីហុងកុង ដែលមានគម្រោងសាងសង់រោងចក្រកែច្នៃឲ្យបាន៥ ទៅ ១០រោងចក្រ ហើយសង្ឈឹមថានឹងអាចស្រូបយកវត្ថុធាតុដើមនេះបានមួយភាគធំពីបណ្តាខេត្តដែលមានសក្តានុពលដាំដុះដំឡូងមីនេះ ដើម្បីធ្វើការកែច្នៃរួចនាំចេញ។ ទន្ទឹមនិងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការកំណែទម្រុង ដើម្បីអភិវឌ្ឍវិស័យកសិកម្មសម្រាប់រយៈពេលវែងគឺត្រូវកំណត់តំបន់ដាំដុះ ប្តូរពូជដំណាំ និងធ្វើផែនការដាំដុះឲ្យបានសមស្របតាមតម្រូវការទីផ្សារ។
ជាការឆ្លើយតបនូវអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង លោកជំទាវបានគាំទ្រនូវទស្សននិងគោលនយោបាយរបស់ក្រសួងដែលផ្តោតលើការដាំដុះ និងនាំចេញជាប្រព័ន្ធដើម្បីធានាបានទាំងបរិមាណ និងគុណភាព។ ព្រមជាមួយគ្នានេះដែរ លោកជំទាវសូមសាទរចំពោះព័ត៌មានដែលថាមានក្រុមហ៊ុនហុងកុងមកបណ្តាក់ទុនវិនិយោគសាងសង់រោងចក្រកែច្នៃដំឡូងមី នេះគឺជាដំណោះស្រាយទីផ្សារមួយយ៉ាងល្អសម្រាប់ផលិតផលដំឡូងមី និងអាចរក្សាបាននូវតម្លៃមួយសមស្របតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។ លោកជំទាវនឹងពាំនាំដំណឹងនេះទៅជម្រាបប្រាប់ភាគីថៃ ពិសេសឈ្មួញដែលកំពុងទិញវត្ថុធាតុដើមដំឡូងមីពីកម្ពុជាឲ្យត្រៀមលក្ខណៈធ្វើការប្រកួតប្រជែង ឈរលើគោលការណ៍ទីផ្សារសេរី។ ដើម្បីបន្តនិរន្តរភាពនៃការផលិត និងការនាំចេញ លោកជំទាវបានស្នើឲ្យភាគីកម្ពុជាជួយធ្វើការផលិតក្នុងទិសដៅពីរយ៉ាង ទី១ គឺដើម្បីផ្គង់ផ្គង់ឲ្យរោងកែឆ្នៃ ក្នុងស្រុកបំណងរក្សាបាននូវភាពជឿជាក់នៃអ្នកវិនិយោគ និងទី២ ផលិតដើម្បីនាំចេញជាវត្ថុធាតុដើមទៅប្រទេសភូមិផងរបងជាមួយដើម្បីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អសម្រាប់ជាប្រយោជន៍នៃប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់យោបល់ជូនភាគីថៃ គឺគួរបង្កើតក្រុមការងារដែលមានសមាជិករដ្ឋាភិបាល និងវិស័យឯកជន ទាំងពីរប្រទេសរួមគ្នាពិគ្រោះ ដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ក្នុងបំណងជួយជំរុញការនាំចេញវត្ថុធាតុដើមនេះទៅ កាន់ទីផ្សារថៃឲ្យអស់លទ្ធភាព។ ក្រៅពីនេះ ឈ្មួញប្រមូលទិញដំឡូងមីគួរតែធ្វើកិច្ចសន្យាដាំដុះ ដើម្បីឲ្យកសិករកម្ពុជាមានភាពជឿជាក់កក់ក្តៅក្នុងការដាំដុះ។
កិច្ចប្រជុំត្រូវបានបញ្ចប់ក្នុងភាពយោគយល់ និងស្និតស្នាលបំផុត។

 30194

 30195

 30196

 30193

 30192