ព្រឹទ្ធសភាអាមេរិក ផ្ញើសារជូនសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា គាំទ្រដល់វិធានការប្រឆាំងចំពោះការជ្រៀតជ្រែករបស់បរទេស លើការបោះឆ្នោតនៅកម្ពុជា

30218

សមាជិកព្រឹទ្ធសភាអាមេរិក លោក ដូវ៍ អេរិសិន (Doug Ericken) នាថ្មីៗនេះ បានផ្ញើលិខិតមួយជូនសម្តេច សាយ ឈុំ ប្រធានរដ្ឋសភាកម្ពុជា ដោយបង្ហាញការគាំទ្រចំពោះចំណាត់ការ និងវិធានការនានារបស់កម្ពុជា ក្នុងការប្រឆាំងចំពោះការជ្រៀតជ្រែករបស់បរទេសទៅលើការបោះឆ្នោត។

ក្នុងលិខិតនោះ សមាជិកព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ប្រជាជនអាមេរិក និងថ្នាក់ដឹកនាំរបស់យើងមិនសប្បាយចិត្តចំពោះការប៉ុនប៉ង របស់រដ្ឋាភិបាលបរទេស ​ដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅអាមេរិក។ រដ្ឋាភិបាលអាមេរិកចោទប្រកាន់លើជនបរទេសជាច្រើននាក់ ដែលបានព្យាយាមឱ្យមានប៉ះពាល់ ដល់ការបោះឆ្នោតរបស់យើង។ កម្ពុជាក៏មិនចង់ឱ្យបរទេសមានឥទ្ធិពលលើការងារបោះឆ្នោតនៅកម្ពុជាផងដែរ ហើយវាក៏អាចយល់បានដែរថា កម្ពុជានឹងចាត់វិធានការលើ ជនបរទេសទាំងនោះ ដើម្បីបញ្ឈប់ការព្យាយាមធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា។

លោកបានបញ្ជាក់ផងដែរថា «ក្នងនាមជាអ្នកដឹកនាំដែលកើតចេញពីការបោះឆ្នោតក្នុងរដ្ឋវ៉ាស៊ីនតោន ខ្ញុំគោរពសិទ្ធិអធិបតេយ្យនៃប្រទេសឯករាជ្យនីមួយៗ ក្នុងការចាត់វិធានការផ្ទៃក្នុងនានា ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងព្រំដែនរបស់ខ្លួន»។ លោកបានបន្តថា «ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវភាពជោគជ័យជាច្រើន ដែលប្រជាជនកម្ពុជាសម្រេចបាន។ ជាការពិត កម្ពុជានៅតែមានការងារជាច្រើនដែលត្រូវធ្វើ។ សហរដ្ឋអាមេរិក បានដំណើរការលទ្ធិប្រជាធិបតេយ្យតាំងពីឆ្នាំ១៧៨៩ ហើយសហរដ្ឋអាមេរិកនៅតែធ្វើការងារនេះ ជាច្រើនទៀត»។

លោក ដូវ៍ អេរិសិន ក៏បានសម្តែងការសោកស្តាយដែល សភាអាមេរិកស្នើសេចក្តីសម្រេចចិត្តលេខ៦៦១ (HR661) ស្តីពីកម្ពុជាដែលជាការបោះជំហានមួយខុសទិសដៅ។ កម្ពុជា និងអាមេរិកគួរធ្វើការរួមគ្នា ដើម្បីកែលម្អទំនាក់ទំនងឱ្យបានប្រសើរឡើង ដោយផ្អែកលើការគោរពអធិបតេយ្យភាពទៅវិញទៅមក ជាជាងជំរុញឱ្យមានឯកសារនយោបាយ HR 661 ខាងលើ។

លោកបានអះអាងទៀតថា យុទ្ធសាស្រ្តសន្តិសុខជាតិអាមេរិកថ្មី នឹងមិនយកចិត្តទុកដាក់លើកិច្ចផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យខ្លាំងដូចមុនទៀតឡើយ។ ដូចនេះមន្រ្តីកម្ពុជា និងអាមេរិក គួរតែក្តោបក្តាប់ឱកាសនៃយុទ្ធសាស្រ្តសន្តិសុខ ជាតិអាមេរិកថ្មីនេះ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងផ្តល់ប្រយោជន៍រួម៕

 30218

 30219