ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ ពីអ្នកលឿង ទៅកាន់ ខេត្តត្បូងឃ្មុំប្រវែងជាង ៩៦គីឡូម៉ែត្រ

30525

(ព្រៃវែង)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ប្រវែងជាង៩៦គីឡូម៉ែត្រ តម្លៃជាង៩៤លានដុល្លារ នៅព្រឹកថ្ងៃនេះ, Fresh News & Radio កំពុងផ្សាយ

* សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១។

* តាមរយៈឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយគាំទ្រដល់ការសាងសង់ឡើងវិញផ្លូវជាតិលេខ១១។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំ គឺត្រឹមត្រូវខ្លាំងណាស់ ដែលបានយកចិត្ត ទុកដាក់គិតគូរជំរុញការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងការតភ្ជាប់ពីបណ្តាខេត្តមួយទៅខេត្តមួយ។

* សម្តេចតេជោ បានថ្លែងថា ភាពរីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែជួយប្រជាពលរដ្ឋនោះទេ តែការរីកចម្រើនរបស់ចិន ក៏បានរួមចំណែកជួយដល់ប្រទេសនានា រួមទាំងប្រទេសកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាពោលសម្តេចផ្ទាល់តែម្តងធ្លាប់បានប្រកាសគាំទ្រទាំងស្រុង ចំពោះការចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោករបស់ចិន។ ការគាំទ្រឲ្យចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាការរួមចំណែកជួយឲ្យចិនកាន់តែរីកចម្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើប្រទេសចិនកាន់តែរីកចម្រើន ហើយមានឥរិយាបទគោរពប្រទេសដទៃ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ ប្រទេសដទៃទេនោះ ដូច្នេះការរីកចម្រើនរបស់ចិន នឹងបានក្លាយជាប្រយោជន៍ច្រើនដល់ប្រទេសដទៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនមិនធ្លាប់មានប្រវត្តិនាំកងទ័ពឆ្លងដែនទៅកាន់ប្រទេសណាមួយនោះទេ ដូច្នេះមិនគួរព្រួយបារម្ភអំពីប្រទេសចិននោះឡើយ។

* សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងថា សម្តេចមានមោទនភាព ដែលបានបន្តវេនពីសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការលើកម្ពស់ទំនាក់ទំនង កាន់តែល្អប្រសើរជាមួយប្រទេសចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយរបស់ចិនមិនត្រឹមតែជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជានោះទេ តែក៏បានជួយពង្រឹងភាពឯករាជ្យ និងការពារអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា មិត្តល្អ គឺជាមិត្តដែលបានជួយគ្នាក្នុងគ្រាក្រ។ សម្តេចតេជោ បញ្ជាក់ថា ប្រសិនបើមិនមានជំនួយរបស់ចិនទេនោះ ក៏មិនមានការសាងសង់ផ្លូវជាច្រើននៅក្នុងប្រទេសកម្ពុជានោះដែរ។ សម្តេចតេជោ បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រើប្រាស់​ហិរញ្ញប្ប​ទានសហប្រតិបត្តិការ​ និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចមានចំនួន ២៣ខ្សែ មាន​ប្រវែងសរុប ២,៣០១​គីឡូ​ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៣០០លានដុល្លារអាមេរិក។ គម្រោង​កំពុង​សាង​សង់​មាន​ចំនួន០៦ខ្សែ មាន​ប្រវែងប្រមាណ៦០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៤៩០លាន​ដុល្លារ​អាមេរិក។

* សម្តេចនាយករដ្ឋមន្ត្រីបន្តថា គម្រោង​​​ត្រៀម​សាង​សង់ក្នុងឆ្នាំ២០១៨នេះ​ មានចំនួន ០២គម្រោង គឺគម្រោងផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងសុរប ១៨៧ គីឡូម៉ែត្រ គ្រោងចំណាយថវិកា​ប្រមាណ ៤៨៣លាន​​ដុល្លារ​អាមេរិក ។ ស្ពានធំៗដែលបានសាងសង់រួចមាន​ចំនួន ០៧ស្ពាន មាន​ប្រវែងសរុប ៦,៨២៤​ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និង​ស្ពានកំពុងសាងសងចំនួន០១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មា។

* សរុបគម្រោង​ដែលប្រើប្រាស់​ហិរញ្ញប្ប​ទានសហប្រតិបត្តិការ និងជំនួយឥតសំណង​របស់មិត្តចិន​ ដែលបា​នសាង​ស​ង់​រួច កំពុងសាងសង់ និងត្រៀមសាងសង់ ​មានទឹកប្រាក់​ប្រមា​ណ​ ២,៥៥៣លាន​​ដុល្លារអា​មេរិក។

* សម្តេចតេជោ បានបញ្ជាក់ថា សមិទ្ធផលនេះបើមិនមានកិច្ចសហប្រតិបត្តិការល្អជាមួយចិនទេនោះ គឺចិនមិនអាចផ្តល់ជំនួយសាងសង់បានឡើយ។ សម្តេចតេជោ បានថ្លែងថា វាជាការត្រឹមត្រូវណាស់ក្នុងរក្សាបាននូវទំនាក់ទំនងល្អជាប្រទេសចិន ហើយក៏ត្រូវតែបន្តរក្សាទំនាក់ទំនងនេះទៅមុខបន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសចិន ជាប្រទេសមួយដែលនិយាយតិច តែធ្វើច្រើន ខុសពីបណ្តាប្រទេសមួយចំនួននិយាយច្រើន តែធ្វើតិច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសាងសង់រួចរាល់ផ្លូវជាតិលេខ១១នេះ គឺផ្តល់ប្រយោជន៍ធំណាស់ដល់ប្រជាពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រៃវែងជាខេត្តមួយដែលមានខ្នែងផ្លូវច្រើនជាងគេ ហើយទាមទារឲ្យមានការវិនិយោគជាច្រើនបន្ថែមទៀត។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ គឺរំលងទើបតែ៥ថ្ងៃប៉ុណ្ណោះ នៃខួប៤៨ឆ្នាំថ្ងៃរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ ១៨ មីនា​ ១៩៧០។ សម្តេចថារដ្ឋប្រហារនេះធ្វើឲ្យភ្លើងសង្គ្រាមឆាបឆេះនៅកម្ពុជា ហើយខេត្តព្រៃវែងជាសមរភូមិដ៏ស្រួចស្រាវមួយ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់ប្រជាពលរដ្ឋខ្មែរដែលមានសាច់ញាតិកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី ដែលរងការវាយប្រហារពីក្រុមឧទ្ទាមនៅ ថ្ងៃម្សិលមិញនេះ មិនបានបណ្តាលឲ្យកងទ័ពកម្ពុជារងរបួសឬគ្រោះថ្នាក់ដល់ជីវិតនោះទេ មានកងទ័ពបារាំង៥នាក់ប៉ុណ្ណោះបានរងរបួស។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្កោលទោសចំពោះការវាយប្រហារនេះ ហើយអំពាវនាវដល់កងទ័ពខ្មែរនៅប្រទេសម៉ាលីទាំងអស់ ត្រូវបន្តបំពេញការងារប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជំហរជាថ្មីថា បើទោះបីកងទ័ពកម្ពុជាបានរងការវាយប្រហារជាថ្មីយ៉ាងណាក្តី តែកម្ពុជាមិនរាថយក្នុងការបញ្ជូនកងទ័ព ទៅបំពេញបេសកកម្មនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋនៅតាមសងខាងផ្លូវជាតិលេខ១១ ដែលត្រូវរំខាន និងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅក្នុងអំឡុងពេលនៃដំណើរការសាងសង់នេះ។

* សម្តេចតេជោ បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាបានចំណាយថវិកាសម្រាប់បំផ្លាញចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៧លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជាមានភាពវេទនាខ្លាំងណាស់ដោយសារភ្លើងសង្គ្រាម ហើយក៏បានបំផ្លាញប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ យ៉ាងច្រើន។ ព្រោះតែបែបនេះហើយទើបសម្តេចតែងតែអំពាវនាវឲ្យរួមគ្នាការពារសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ មិនអាចមានការអភិវឌ្ឍនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងសូមប្រសិទ្ធិពរជូនចំពោះចំណងមិត្តភាពកម្ពុជា និងចិន ស្ថិតស្ថេរគង់វង្សជាអមតៈ។

 30540

 30545

 30544

 30542

 30543

 30530

 30522

 30526

 30523

 30550

 30538

 30536

 30531