CPP ថា ស្ថានភាព នយោបាយកម្ពុជា មិនឡើងកំដៅទេ


ភ្នំពេញ ៖ ទោះបីជា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ  និងលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិថា ស្ថានការណ៍នយោបាយឡើងកម្តៅ ហើយកំពុងតែ ពឹងនិងមាន ប្រទេសមហាអំណាចនៅពីក្រោយនោះ ត្រូវបានអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន ថ្លែងថាជាទស្សនៈមួយមិនត្រឹមត្រូវទេ។
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា «មតិរបស់គាត់(ញឹក ប៊ុនឆៃ) គឺជាមតិឯកជន ហើយគិតចំកន្លែងខុស  ព្រោះថា សភាការណ៍នាពេលបច្ចុប្បន្នមិនមានក្តៅនោះទេ។ បើក្តៅមែននោះហេតុអីលោក ញឹក ប៊ុនឆៃចុះតាមមូលដ្ឋានបាន អីញ្ចឹងមិនក្តៅនោះទេ ។ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ ជាតិ មិនបានឈ្លោះគ្នានោះទេ បើទាស់តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស យកចំណុចណា មួយមកជជែកគ្នា ដើម្បីរកចំណុចមួយ ជាចំណុចរួម  ឥឡូវនេះយើងមិនទាស់គ្នានោះទេ»។
ឯកឧត្តម បានអះអាងថា សភាពការណ៍នាពេលបច្ចុប្បន្ននេះ មិនមានការឈ្លោះគ្នារវាង គណបក្ស នយោបាយទំាងពីរនោះទេ  គឺមន្ត្រី និងប្រធានគណបក្សសង្គ្រោះជាតិ ជាអ្នកព្រឹត្តិខុសច្បាប់ ដូច្នេះត្រូវទទួលទោសតាមច្បាប់។
ទាក់ទិននឹងការចរចាវិញ ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គ្មានការចរចាជាមួយគណបក្ស សង្គ្រោះជាតិនោះទេ ខណៈដែលតុលាការមិនទាន់ចាត់ការតាមនីតិវិធីរបស់ខ្លួនចប់ជាងនេះកុំឲ្យមាន ការលូដៃពីគណបក្សនយោបាយចូលក្នុងអំណាចតុលាការ។