សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ នៅហាណូយ ចុងខែនេះ

31223

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ស្របជាមួយ កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំនេះ រួមមាន លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណកម្មាធិការកិច្ចការព្រំដែនជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «សមិទ្ធិផលរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងការកសាង មហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព» ថ្នាក់ដឹកនាំ នឹងអនុម័តជាផ្លូវការផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨-២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំកំពូល នឹងត្រូវចេញផ្សាយ ផងដែរ។ នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៦ សម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គ ផងដែរ។ នេះ​បើតាមសេចក្តីប្រកាសក្រសួងការបរទេស។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹងពិនិត្យសមិទ្ធិផល នាឆ្នាំកន្លងមក នៃគំនិតផ្ដួចផ្ដើមនានា ហើយនឹងកំណត់ទិសដៅ អភិវឌ្ឍន៍នាពេលអនាគត ក្នុងវិស័យសំខាន់ៗ រួមមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។ ថ្នាក់ដឹកនាំ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់ឆ្នាំ២០៣០ និងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូល កម្ពុជា ឡាវ វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។

ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំង នូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា ឡាវ វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់៕

 31223

 31224