ឯកឧត្តមសុខ ឥសាន បានបញ្ជាក់ថាចំពោះ ព័ត៌មានចុះផ្សាយថា មិត្តវៀតណាមចង់ឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជារឿងមិនពិតទេ ចុះចេញពីតំណែងនោះ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច (CPP) ឯកឧត្តមសុខ ឥសាន បានបញ្ជាក់ថាចំពោះ ព័ត៌មានចុះផ្សាយថា មិត្តវៀតណាមចង់ឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស ចុះចេញពីតំណែងនោះ ជារឿងមិនពិតទេ នេះគ្រាន់តែជាការបំផុសឡើង របស់ក្រុមឧទ្ទាម ក្រៅច្បាប់តែប៉ុណ្ណោះ ។

ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន បែបនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលជាវិទ្យុមួយដែល គេទទួលស្គាល់ថា ជាវិទ្យុប្រឆាំងជាមួយរាជរដ្ឋាភិបាល បានចុះផ្សាយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ថា “សមាជិកជាន់ខ្ពស់របបកុម្មុយនិស្ដ វៀតណាមចង់ឲ្យសម្តេច ហ៊ុន សែន ចុះចេញពីតំណែងដោយសារ សមាជិកជាន់ខ្ពស់របប កុម្មុយនិស្តវៀតណាម បានសម្ដែងអារម្មណ៍មិនពេញចិត្ត ទៅនឹងទង្វើសម្តេច ហ៊ុន សែន និងរបបក្រុងភ្នំពេញបច្ចុប្បន្ន ដែលបានងាកទៅរកមហាអំណាចចិន និងបានចាប់បញ្ជូនជនអន្តោប្រវេសន៍ វៀតណាមខុសច្បាប់ ចេញពីកម្ពុជាជាបន្តបន្ទាប់” ។

ឯកឧត្តម សុខ ឥសាន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ថា “អានេះជាព័ត៌មានមិនពិតទេ ជាការបំផុសឡើងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ ចឹងយើងឃើញទេ ទំនាក់ទំនងមិត្តភាពសាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងវៀតណាម នៅតែរឹងមាំស្ថិតស្ថេរ គង់វង្សយូអង្វែងដដែលទេ ហើយថ្ងៃនេះ សម្ដេចតេជោហ៊ុន សែន លោកទៅទីក្រុងហាយណូយ ដើម្បីចូលរួមប្រជុំមហា អនុតំបន់ទន្លេមេគង្គ និងប្រជុំកំពូលតំបន់អភិវឌ្ឍ ត្រីកោណរយៈពេល២ថ្ងៃ” ។

ឯកឧត្តមបន្តទៀតថា បើសិនជាមានបញ្ហាបែបនេះ កើតឡើង គឺសម្ដេចមិនហ៊ានអញ្ជើញ ទៅប្រទេសវៀតណាម ដើម្បីចូលរួមប្រជុំមហា អនុតំបន់ទន្លេមេគង្គ និងប្រជុំកំពូលតំបន់អភិវឌ្ឍន៍ ត្រីកោណឡើយ ព្រោះការដែលសម្ដេច អញ្ជើញទៅប្រជុំនេះ ជាការអញ្ជើញ ជាផ្លូវការ ពីសំណាក់រដ្ឋាភិបាលវៀតណាម ៕