រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ទស្សនកិច្ចវៀតណាម


VN 23 06 16 2 copy

     រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅវៀតណាមរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព ។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើរវាងពីថ្ងៃទី២១ ដល់ ២៣ ខែមិថុនា ។

     នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ឯកឧត្តម ផាម ប៊ិញមិញ បានជួបពិភាក្សាគ្នា នៅទីក្រុងហាណូយ ។ សេចក្តីរាយការណ៍ក្រសួងការបរទេសបានឱ្យដឹងថា ភាគីទាំង២ បានលើកយកចំណុចសំខាន់ៗមួយចំនួនមកពិភាក្សា រួមមានៈ – ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ។

     ភាគីទាំង២ បានផ្តោតលើកិច្ចពិភាក្សាលើៈ

     – បង្កើនជំនួបកំរិតខ្ពស់… ផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាក់ថ្នាក់… ទំនាក់ទំនងប្រជាជន និងប្រជាជន ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន

     – ណែនាំគ្រប់ក្រសួងនិងស្ថាប័ន ឱ្យសហការគ្នាធ្វើការកែយន្តការ និងកិច្ចព្រមព្រៀងដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគនិងការតភ្ជាប់រវាងប្រទេសទាំងពីរ

     – បន្តអនុវត្តន៍សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា ស្តីពីបញ្ហាព្រំដែន និងដោះស្រាយបញ្ហានៅសេសសល់ឱ្យបានចប់ជាស្ថាពរ ដើម្បីកសាងខ្សែព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ។

     ដំណើរទស្សនកិច្ចក្នុងប្រទេសវៀតណាម គឺជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសទី៣ របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីដំណើរទៅប្រទេសឡាវ និងថៃរួចមក ។

VN 23 06 16 3 copy  VN 23 06 16 4 copy