នគរបាលចរាចរណ៍ ព្រមានវិធានការណ៍ច្បាប់ ចំពោះអ្នកមិនបង់ប្រាក់


Draffic 23 06 16 2 copy

     សមត្ថកិច្ចនគរបាលបានព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះអ្នកមិនបានចូលបង់ប្រាក់ពិន័យ ក្រោយអំពើល្មើសច្បាប់ចរាចរណ៍ ។

     នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃទី២២ ខែមិថុនានេះ បានថ្លែងថា គេទុករយៈពេលឲ្យម្ចាស់យានយន្តល្មើសច្បាប់ចរាចរណ៍ ៦៧គ្រឿង ចូលមកបង់ប្រាក់ពិន័យ បើពុំនោះសោតទេ នឹងត្រូវប្រឈមនឹងការប្តឹងទៅតុលាការ ។ យានយន្តទាំង ៦៧គ្រឿង ដែលតម្រូវឱ្យចូលបង់ គឺជាយានយន្តដែលសមត្ថកិច្ចបានចេញវិក្ក័យប័ត្រផាកពិន័យកន្លងមក ប៉ុន្តែម្ចាស់យានយន្តទាំង ៦៧គ្រឿង មិនបានបង្ហាញខ្លួនចូលមកបង់ប្រាក់ផាកពិន័យនោះឡើយ ។ ឈ្មោះម្ចាស់យានយន្តទាំង ៦៧គ្រឿង ដែលមិនបានបង្ហាញមុខក្នុងការផាកពិន័យ ទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់បានបញ្ជាក់ក្នុងសេចក្តីរាយការណ៍នោះដែរ ប៉ុន្តែនគរបាលបានថ្លែងថា ឈ្មោះអ្នកដែលទទួលវិក្ក័យប័ត្រដែលមិនទាន់បានចូលមកបង់ប្រាក់នោះ បានសិ្ថតក្នុងបញ្ជីរួចទៅហើយ ។

     នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានព្រមាន និងដាស់តឿនម្ចាស់យានយន្តទាំងនោះថា សូមរួសរាន់មកបង់ប្រាក់ពិន័យអន្តរការ ដោយនាយកដ្ឋានទុករយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង ។ អង្គភាពនគរបាលចរាចរណ៍ព្រមានថា ចំពោះការខកខានមិនបានមកបង់ប្រាក់ពិន័យអន្តរកាលក្នុងរយៈពេលទៀត ម្ចាស់យានយន្ត ឬអ្នកបើកបរនឹងត្រូវប្រឈមមុខ នឹងផ្លូវតុលាការ ។

     នាយកដ្ឋានក៏បានដាក់លេខទូរស័ព្ទ សម្រាប់ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមផងដែរគឺ ០១២ ៤៩ ៧៣ ៤៤/ ០៧៧ ៩៦ ៨៦ ៦៩/ ០៩៧ ២៤ ២០ ១៧៦/ ០៦៩ ៦៨ ៧៣ ៧៨ ។

Draffic 23 06 16 3 copy