រដ្ឋសភាដាក់បញ្ចូលសេចក្តីព្រាងច្បាប់ពីរ ឱ្យដេញដោល


Law 23 06 16 2 copy

     រដ្ឋសភាដាក់បញ្ចូលសេចក្តីព្រាងច្បាប់ចំនួនពីរ សម្រាប់ដេញដោល និងអនុម័ត ទាក់ទងការដឹកជញ្ជូនផ្លូវអាកាស រវាងកម្ពុជាជាមួយអាស៊ាន និងចិន ។ ការដាក់អោយសេចក្តីព្រាងច្បាប់២ ចូលទៅក្នុងពិភាក្សានេះ គឺនៅបន្ទាប់ពីមានការពិនិត្យសិក្សានៅថ្ងៃទី២២ ខែមិថុនានេះ រវាងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ជាមួយនឹងគណៈកម្មការជំនាញរបស់រដ្ឋសភា ។

     ឯកឧត្តមលេខាធិការ ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តលើកញ្ចប់កិច្ចសន្យាមួយចំនួនរួចមកហើយ ស្តីពីសេវាដឹកជញ្ជូន ផ្លូវអាកាសនេះ ដើម្បីឆ្លើយតបទៅនឹងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងផ្តល់ភាពទាក់ទាញបន្ថែមទៀត នៃការវិនិយោគលើផ្នែកសេវាកម្មផ្លូវអាកាសនេះ ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលនយោបាយ និងកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តសេរីភាវូបនីយកម្ម និងសមាហរណកម្មពេញលេញនៃសេវាដឹកជញ្ជូនទាំងទំនិញ និងអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងតំបន់អាស៊ាន និងចិន ។

     ដោយពិនិត្យឃើញសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ មានលក្ខណៈស្របតាមគតិច្បាប់នេះ ទៅគណៈសំខាន់សម្រាប់ប្រទេសជាតិ គណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាព និងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ធ្វើការពិនិត្យ សម្រេចដាក់បញ្ជូលក្នុងរបៀបវារៈ នៃសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខបន្តទៀត ។