ឯកឧត្តម សុខ ឥសាន ថា” គណបក្សប្រជាជនកម្ពុជាក៏មានការសោកស្តាយដោយបាត់ដៃគូប្រកួតដ៏មានសក្តានុពលមិនគួរឡើយបង្កើតកំហុសខ្លួនឯងដូច្នេះសោះ ដោយសារតែជឿបរទេស”


ភ្នំពេញ៖ ក្រោយពីមានមតិប្រឆាំងចោទថា គណបក្សប្រជាជនកម្ពុជាខ្លាចអតីតគណបក្សប្រឆាំង ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២០ មីនានេះបានបញ្ចេញប្រតិកម្មតបវិញថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៏ចំពោះគូប្រកួតខ្លាំងជានិច្ច មិនចេះខ្លាចគូប្រកួតម្តងណាឡើយកុំចេះតែចោទថា មកពីគណបក្សប្រជាជនកម្ពុជាខ្លាចអតីតបក្សប្រឆាំងនោះ មិនមែនទាល់តែសោះហើយមូលហេតុ ដែលអតីតបក្សប្រឆាំងមិនអាចចូលរួមការបោះឆ្នោតបានដោយសារតែ កំហុសធ្ងន់ធ្ងររបស់ខ្លួនឯងផ្ទាល់ គ្មានអ្នកណាដាក់កំហុសឲ្យខ្លួនទេ។

ឯកឧត្តម សុខ ឥសាន បានសរសេរបញ្ជាក់ ក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមថា” គណបក្សប្រជាជនកម្ពុជាក៏មានការសោកស្តាយដោយបាត់ដៃគូប្រកួតដ៏មានសក្តានុពល ដែលធ្លាប់ប្រកួតប្រជែងជាមួយគ្នាច្រើនអាណត្តិមកហើយ មិនគួរឡើយបង្កើតកំហុសខ្លួនឯងដូច្នេះសោះ ដោយសារតែជឿបរទេស” ។

ឯកឧត្តម សុខ ឥសាន បានបង្ហាញមូលហេតុដែលអតីតគណបក្សប្រឆាំងមិនអាចរូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០១៨បានដោយសារតែអតីតបក្សប្រឆាំងនិងថ្នាក់ដឹកនាំគណបក្សនេះ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដោយឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ រំលោភលើលទ្ធិប្រជាធិបតេយ្យ ដែលជាបទល្មើសសន្និដ្ឋិភាពជាមួយបរទេសនាំ ប្រទូសរាយដល់ប្រទេសជាតិ ត្រូវប្រឈមមុខចំពោះមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ អតីតបក្សប្រឆាំងនេះត្រូវរំលាយដោយតុលាការកំពូល ហើយមេនៃអតីតបក្សប្រឆាំង ត្រូវសមត្ថកិច្ចចាប់ខ្លួននិងអនុវត្តនីតិវិធីរហូតដល់ពេលនេះ ខណៈក្រុមមេដឹកនាំ១១៨ នាក់ត្រូវផ្អាកសកម្មភាពនយោបាយរយៈពេល៥ ឆ្នាំ៕